បណ្តាញសង្គម

​កក្រើក​ទៀត​ហើយ​ល្ងាច​នេះ​ ផល​ សោភ័ណ្ឌ​ ប៉ះ ​ជួប​ថែម​ ហ្វានិមិត្ត​

អ្នកប្រដាល់កែងបេះ ផល សោភ័ណ្ឌ ត្រូវធ្វើការធ្ងន់ហើយល្ងាចនេះ នាជំនួបសន្សំពិន្ទុជាមួយអ្នកលេងគុនថៃ ហ្វានិមិត្ត ក្នុងកម្មវិធីខ្សែក្រវាត់របស់សង្វៀនបាយ័ន។ ខណៈបើចាញ់ការប្រកួតនេះ អាចនឹងប្រឈមនឹងការធ្លាក់ក្នុងវគ្គជម្រុះក្នុងពូល។

ការប៉ះគ្នារវាងអ្នកទាំងពីរខាងលើនេះមានការចាប់អារម្មណ៍គួរសម ដោយសារតែកីឡាករថៃ មិនទាន់ស្គាល់ពាក្យថាចាញ់នាប៉ុន្មានប្រកួតមុននេះ ហើយសមត្ថភាពកំពុងរីកចម្រើនថែមទៀតផង តាមរយៈផ្ដួល ចាន់ ប៊ុនហឿន ឲ្យសន្លប់។

ចំណែកអ្នកលេងគុនខ្មែរក៏គេចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែចាប់អារម្មណ៍រឿងធ្លាក់សមត្ថភាពថ្មីៗនេះ ជាពិសេសចាញ់ថ្ងៃបើកឆាកប្រកួតដំបូងវគ្គសន្សំពិន្ទុ។ អ្នកតាមដានប្រដាល់មួយចំនួនបញ្ចេញយោបល់លើហ្វេសបុកគូនេះថា អាចនឹងពិបាកបន្តិចហើយសម្រាប់កីឡាករកម្ពុជា ផល សោភ័ណ្ឌ ព្រោះអ្នកលេងគុនថៃ ហ្វានិមិត្ត កំពុងឡើងកូដ សមត្ថភាពរីកចម្រើនខ្លាំង ជាពិសេសស្នៀតទាត់តែម្ដង វាខុសពីការប្រកួតមុនៗ។

ប៉ុន្តែយ៉ាងណាមិញ ប៉ុន្មានថ្ងៃនេះគឺឃើញ ផល សោភ័ណ្ឌ ខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមប្រជែងយក៣ពិន្ទុបន្ថែម។រំលឹកដែរថា កីឡាករ ផល សោភ័ណ្ឌ នឹងត្រូវប៉ះអ្នកប្រដាល់ឆ្លងដែនមកពីថៃ ហ្វានិមិត្ត ក្នុងសប្ដាហ៍ទី៣ នៃវគ្គសន្សំពិន្ទុខ្សែក្រវាត់គូបូតា ទម្ងន់ ៦៣,៥គីឡូក្រាម។ សោភ័ណ្ឌ ២ប្រកួតកន្លងទៅ ឈ្នះ១ ចាញ់១ មាន៤ពិន្ទុ ខណៈ ហ្វានិមិត្ត ២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុ៕

ដកស្រង់ពី៖ Sabay