បណ្តាញសង្គម

តំណាងខេត្ត​ប៉ៃលិន​ មក​លើក​ទឹកចិត្ត​កីឡាករ ​ITF​ ដល់​សហព័ន្ធ​ ក្រោយ​ឈ្នះ​មេដាយ​៥គ្រឿង​ ពីកីឡា​សិស្ស​លើក​ទី១​

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន និងតំណាងគណៈអភិបាលខេត្តផងនោះ ឆ្លៀតមកអបអរសាទរ និងផ្ដល់ថវិកាមួយចំនួនដល់កីឡាករ កីឡាការិនីកេក្វាន់ដូ ITF ចំនួន៥នាក់ដែលឈ្នះមេដាយ៥គ្រឿងក្នុងកម្មវិធីកីឡាសិស្សលើកទី១។

ប្រធានមន្ទីរអប់រំខាងលើនេះ កោតសរសើរខ្លាំងដល់ប្អូនៗកីឡាករ កីឡាការិនីរបស់កីឡាតេក្វាន់ដូ ITF ប្រកួតតំណាងខេត្តប៉ៃលិន ដែលខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ក៏ដូចជាប្រកួតដោយអស់ពីសមត្ថភាព ហើយស្វែងរកមេដាយរហូតទៅដល់៥គ្រឿងបែបនេះ។

តំណាងអភិបាលខេត្តរូបនេះក៏សំណូមពរដល់ កីឡាករ កីឡាការិនីដែលប្រកួតតំណាងខេត្តប៉ៃលិនទាំងអស់ ត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ និងបង្កើនសមត្ថភាពឲ្យខ្លាំងថែមទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រកួតផ្សេងៗទៀតនៅពេលខាងមុខ។

ដើម្បីជាការលើកទឹកចិត្ត និងតបស្នងទៅនិងការខំប្រឹងប្រែងរកបានមេដាយ ៥គ្រឿង នៃព្រឹត្តិការណ៍កីឡាសិស្សលើកទី១នេះ លោក តង់ ធារ៉ា បានផ្ដល់ថវិកាមួយចំនួនដល់កីឡាករតំណាងខេត្តប៉ៃលិនទាំងនោះផងដែរ។

ចំណែកកីឡាករដែលតំណាងអ្នកឈ្នះមេដាយទាំង៥គ្រឿងនោះ ក៏សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរអប់រំខេត្តប៉ៃលិន ដែលមកលើកទឹកចិត្តដល់សហព័ន្ធ និងផ្ដល់ថវិកាមួយចំនួនទៀតនេះ។

ការលើកទឹកនេះ បានធ្វើឲ្យពួកគេរឹតតែមានទឹកចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីមានឱកាសស្វែងរកមេដាយជូនខេត្តនៅកម្មវិធីប្រកួតធំៗលើកក្រោយទៀត។

រំលឹកដែរថា កីឡាតេក្វាន់ដូ ITF របស់តំណាងខេត្តប៉ៃលិន បានឈ្នះមេដាយចំនួន៥គ្រឿង ក្នុងនោះមានមាស ៣គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាសិស្សលើកទី១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែមិថុនា ២០១៩៕