បណ្តាញសង្គម

James ថា​ខ្លួន​មិន​ទាន់​មាន​កន្លែង​ត្រូវ​ទៅ​នៅ​ឡើយ ហើយ​រង់ចាំ​ការ​សម្រេច​របស់ Real

James Rodriguez បាននិយាយថាអនាគតរបស់ខ្លួនស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ Real Madrid ក្រោយក្លឹបយក្សអេស្ប៉ាញដាក់កីឡាករកូឡុំប៊ីរូបនេះឲ្យគេខ្ចីជើងអស់២រដូវកាល។

Bayern Munich ក៏មិនបានបង្ហាញចំណាប់អារម្មណ៍ថាចង់ទិញ James ពី Real ដែរបើទោះជាកីឡាករវ័យ២៧ឆ្នាំបានជួយក្លឹបអាឡឺម៉ង់លើកពានមួយចំនួនអំឡុងពេលខ្ចីជើង២រដូវកាលក្តី។

ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ កូឡុំប៊ីធ្លាក់ចេញពីការប្រកួតពាន Copa America ខ្សែបម្រើប្រយុទ្ធរូបនេះនិយាយថា "ខ្ញុំមិនទាន់ដឹងថាតើខ្ញុំនឹងទៅលេងនៅទីណាឡើយនៅរដូវកាលក្រោយ។ ខ្ញុំមានពេល៣សប្ដាហ៍ទៀតដើម្បីកគិតអំពីវា"។ “វាមិនស្ថិតនៅលើខ្ញុំតែម្នាក់ឯងនោះទេ។ ខ្ញុំនឹងមើលថាតើ Real Madrid នឹងសម្រេចចិត្តបែបណា។

មនុស្សនៅទីនោះគេនឹងគិតហើយ ខ្ញុំក៏មិនអាចធ្វើអ្វីបានដែរ"។ James និង Gareth Bale មានវាសនាមិនសូវខុសគ្នាឡើយក្រោមការគ្រប់គ្រងរបស់ Zinedine Zidane។ អនាគតរបស់ពួកគេកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ព្រោះជាចំណែកលើសរបស់ Zidane ពិសេសនៅពេលដែល Real បានចំណាយយ៉ាងច្រើនក្នុងការនាំយក Eden Hazard និង Luka Jovic។

James បានជួយក្លឹបរហស្សនាមអធិរាជសឈ្នះ Champions League ២លើក ពាន LaLiga ១លើក និង បានជួយ Bayern ឈ្នះពាន Bundesliga ២ដងនិង DFB-Pokal ១ដង៕

ដកស្រង់ពី៖ Sabay