បណ្តាញសង្គម

Alisson ផ្ដាំ​ Messi ថា ប្រេស៊ីល​គ្មាន​ផ្លូវ​ភ្លាត់​ទេ​សម្រាប់​ការ​ប្រកួត​ទល់​អាហ្សង់ទីនស្អែក

អ្នកចាំទីរបស់ប្រេស៊ីលកីឡាករ Alisson សង្ឃឹមបទពិសោធន៍កន្លងទៅដែលធ្លាប់ប៉ះជាមួយ Lionel Messi នឹងជួយទប់ស្កាត់គេមិនឲ្យធ្វើអ្វីបាននៅថ្ងៃស្អែក។

ប្រេស៊ីលនឹងត្រូវតទល់នឹងអាហ្សង់ទីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa America នៅថ្ងៃពុធស្អែកនេះវេលាម៉ោង ៧:៣០នាទីព្រឹក។ អ្នកចាំទី Alisson ត្រូវប្រឈមមុខជាមួយ Messi ជាថ្មី ក្នុងកីឡដ្ឋាន Estadio Mineirao។ អ្នកចាំទីរបស់ប្រេស៊ីលរូបនេះធ្លាប់ជួបតារាឆ្នើមរបស់ Barcelona៤ដងរួចមកហើយ ក្នុងរយៈពេល២រដូវកាលកន្លងទៅជាមួយ Roma និង Liverpool។

គេនៅចាំបានថា Messi ធ្លាប់ទម្លុះដៃ Alisson បាន២គ្រាប់នៅកីឡដ្ឋាន Camp Nou ក្នុងការប្រកួត Champions League ជើងទី១ រដូវកាលមុន។ ប៉ុន្តែការប្រកួតជើងទីពីរនៅ Alisson បិទមិនឲ្យ Messi ធ្វើអ្វីបានឡើយនៅ Anfield នាំ Liverpool ទម្លាក់ Barca។ មុនការប្រកួតរវាងប្រេស៊ីលនិងអាហ្សង់ទីនមកដល់ Alisson បាននិយាយថា៖ "ខ្ញុំមានទំនុកចិត្តក្នុងក្រុមរបស់ខ្ញុំ និងការងាររបស់ខ្ញុំថា ពួកយើងនឹងធ្វើឲ្យការប្រកួតអស្ចារ្យ។

ពួកយើងគួរតែរៀបចំគ្រប់យ៉ាង។ Roma និង Liverpool ជួបរឿងពិបាកដូចគ្នា។ ជាសំណាងល្អ ពួកគេគឺជារឿងសប្បាយរីករាយពីរក្នុងជីវិតរបស់ខ្ញុំ។ ក្នុងការប្រកួតសំខាន់មួយបែបនេះគឺគ្មានផ្លូវលេងភ្លាត់ទល់នឹងអាហ្សង់ទីនឡើយ គ្រប់គ្នានឹងលេងអស់ពីសមត្ថភាព"៕

ដកស្រង់ពី៖ Sabay