បណ្តាញសង្គម

ធន់ សុភា សង្ឃឹម ៨០% លើ ធន់ មករា អាចស្ពាយខ្សែក្រវាត់ប្រាក់ ISI PALM សប្ដាហ៍នេះ

គ្រូប្រដាល់ប្រចាំសមាគមក្រសួងការពារជាតិ ធន់ សុភា ទុកចិត្តដល់ ធន់ មករា រហូតដល់ ៨០% ថាអាចនឹងឈ្នះខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ ISI PALM ទម្ងន់ ៦០គីឡូក្រាម របស់សង្វៀន PNN នាថ្ងៃអាទិត្យសប្ដាហ៍នេះ។

ធន់ សុភា បានឲ្យដឹងថា លោកសង្ឃឹមខ្ពស់លើសិស្សរបស់ខ្លួន ដោយសំអាងលើការរីកចម្រើនសមត្ថភាពខ្លាំងមួយរយៈពេលចុងក្រោយនេះ ខណៈការហ្វឹកហាត់ក៏បានល្អថែមទៀត។

គ្រូប្រដាល់រូបនេះបន្ថែមទៀតថា វគ្គផ្ដាច់ព្រ័ត្រលើកនេះ គឺវាខុសពីការប៉ះគ្នាជាមួយ ឈិត សេរីវណ្ណថង កាលពីលើកមុន អំឡុងពេលនោះ មករា គេចូលលេងជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ខណៈការប្រកួតជាប់គ្នារហូត ជាហេតុធ្វើឲ្យកីឡាករឈឺខ្លួន និងមិនបានត្រៀមខ្លួនបានល្អ។

អតីតអ្នកប្រដាល់ល្បីឈ្មោះអំឡុងឆ្នាំ៩០ជាងខាងលើបញ្ជាក់បន្តថា ធន់ មករា អភិវឌ្ឍន៍ខ្លួនបានល្អ មិនថាកណ្ដាប់ថៃ ទាត់ ជង្គង់ និងកែងនោះឡើយ ពោលគឺល្អមែនទែន។ចំណែកសមត្ថភាព ឡុង ជិន ដែលជាដៃគូវិញក៏ល្អដែរ ប៉ុន្តែក៏នៅមានចំណុចខ្វះចន្លោះមួយចំនួនផងដែរ។

រំលឹកដែរថា កីឡាករ ធន់ មករា នឹងត្រូវប៉ះកីឡាករ ឡុង ជិន នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅសង្វៀន PNN នៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM ទម្ងន់៦០គីឡូក្រាម។ សម្រាប់អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រនេះនឹងទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ព្រមទាំងបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសថែមទៀតផង៕