បណ្តាញសង្គម

Herrera ចុះ​ហត្ថលេខា​៥​ឆ្នាំ​ ហើយ​ថា​ PSG អាច​ឈ្នះ​គ្រប់​ពាន​នៅ​ក្របខ័ណ្ឌ​បារាំង

Ander Herrera បានចុះហត្ថលេខា ៥ឆ្នាំជាមួយក្លឹប Paris Saint-Germain បន្ទាប់ពីចាកចេញពី Manchester United កាលពីចុងរដូវកាល។

ខ្សែបម្រើឆ្នើមវ័យ២៩ឆ្នាំ មិនបានបន្តកុងត្រាថ្មីទេជាមួយបិសាចក្រហមក្រោយលេងនៅទីនោះកន្លះទសវត្ស ហើយបានចាកចេញដោយគ្មានតម្លៃខ្លួនទៅក្លឹបជើងឯកបារាំងតែម្ដង។ នៅ Paris Saint-Germain កីឡាករសញ្ជាតិអេស្ប៉ាញទទួលថ្លៃនឿយហត់ប្រមាណ ៣,៥សែនផោនក្នុងមួយសប្ដាហ៍។ “ខ្ញុំរំពឹងថានឹងអាចបង្កើតប្រវត្តិសាស្ត្រដ៏ល្អបន្តទៀតជាមួយ PSG។

ខ្ញុំស្រលាញ់ទីក្រុងនេះ ស្រលាញ់ប៉ារីសដែលជារដ្ឋធានីស្រស់ស្អាតបំផុតក្នុងពិភពលោក។ PSG ជាក្លឹបជោគជ័យបំផុតរបស់បារាំង ពួកគេរីកចម្រើនរៀងរាល់ថ្ងៃ នឹងអាចឈ្នះគ្រប់ពានទាំងអស់"។ Herrera និយាយដូច្នេះ។ Herreraលេងបាន១៨៩ប្រកួតឲ្យ United ចាប់តាំងផ្ទេរពី Athletic Bilbao ក្នុងខែមិថុនាឆ្នាំ២០១៤។ រូបគេស៊ុតបញ្ចូលទីបាន២០គ្រាប់ និងធ្លាប់ឈ្នះ FA Cup, League Cup និង Europa League៕

ដកស្រង់ពី៖ Sabay