បណ្តាញសង្គម

ផល សោភ័ណ្ឌ សង្ឃឹមឈ្នះ ៦០% ប៉ះ Yokpetch យប់នេះនៅបាយ័ន

ជើងខ្លាំងមកពីក្លឹបតាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ សង្ឃឹមរហូតដល់៦០% ថាអាចសងសឹក ឬឈ្នះអ្នកលេងគុនថៃ Yokpetch ដើម្បីបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា យប់នេះ។

តាមការលើកឡើងក្នុងវីដេអូ Live Facebook របស់ ផល សោភ័ណ្ឌ ឲ្យដឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺមានសារសំខាន់ណាស់សម្រាប់រូបគេ ដូច្នេះអ្នកប្រដាល់មកពីខណ្ឌដង្កោខាងលើនេះពិតជាខំប្រឹងហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ។

សិស្សគុនលោកគ្រូ ញ៉ូវ ម៉ាក រូបនេះបន្ថែមទៀតថា ដោយសារតែធ្លាប់ជួបគ្នាម្ដងរួចហើយ ដូច្នេះម្នាក់ៗគឺដឹងស្នៀត ដឹងក្បាច់រៀងៗខ្លួន ការវ៉ៃចេញប្រហែលជាមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។យ៉ាងណាក៏ដោយ អ្នកប្រដាល់របស់កម្ពុជាម្នាក់នេះនៅតែជឿជាក់លើខ្លួនឯង ៦០% ថានឹងអាចយកជ័យជម្នះបានវិញនាការប្រកួតយប់នេះ។

រំលឹកដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា ទម្ងន់ ៦៣,៥គីឡូក្រាម នឹងចាប់ផ្ដើមនាយប់ម៉ោង៧ថ្ងៃនេះហើយ ដោយមានពីរគូ ផល សោភ័ណ្ឌ ប៉ះ Yokpetch រីឯ ចាន់ ប៊ុនហឿន ប៉ះ Fanimit។ អ្នកដែលឈ្នះយប់នេះនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕