បណ្តាញសង្គម

ចាន់ រតនា ប្រាប់ពីតិកនិក Balart មុនប៉ះគ្នានាពាក់កណ្ដាល ខែ សីហា ខាងមុខ

កីឡាករកំពូលអ្នកលេងគុនចម្រុះប្រចាំកម្ពុជា ចាន់ រតនា បានត្រៀមខ្លួនបានយ៉ាងល្អមុនជួបជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart នៅ សង្វៀន ONE: DREAMS OF GOLD នៅក្រុងបាងកកប្រទេសថៃនាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខ។

ម្ចាស់ក្លិប «សិល្បៈ» ដែលលេចធ្លោលើសង្វៀនគុនចម្រុះតាំងពីឆ្នាំ ២០១៤ មកនោះបានរៀបរាប់អំពីចំណុចល្អមួយចំនួនរបស់គូប្រជែង Gustavo។កីឡាករវ័យ៣៣ឆ្នាំតំណាងឲ្យកម្ពុជាបានបង្ហើបក្បាច់របស់គូប្រកួតថា ៖«ខ្ញុំបានតាមដានវីដេអូច្រើនអំពី Gustavo ។

ខ្ញុំឃើញគេវាយជាមួយ Tatsumitsu Wada នាប្រកួតចុងក្រោយដូចអត់សូវហ៊ានចូលចាប់។ ខ្ញុំមិនដឹងថាពេលហ្នឹងយ៉ាងម៉េចទេ។ ប៉ុន្តែខ្ញុំមើលឃើញក្បាច់ចំបាប់គេល្អណាស់ និងបទពិសោធន៍ច្រើនណាស់នៅសង្វៀន MMA»។

Gustavo Balart មានវ័យ ៣២ ឆ្នាំមានកម្ពស់ត្រឹម ១,៤៩ ម៉ែត្រជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Games នៅឆ្នាំ ២០១១។ ក្នុងការប្រកួតពិភពគុនចម្រុះបានចំនួន ១០ លើក Gustavo ធ្វើបានល្អខ្លាំងណាស់ដោយឈ្នះ ៨ ដងនិង ចាញ់ត្រឹម ២ ដងប៉ុណ្ណោះ។

លើសពីនេះទៅទៀត Gustavo មានកំណត់ត្រាល្អបំផុតក្នុងការប្រកួតលើសង្វៀនគុនចម្រុះ ព្រោះគេមិនដែលចាញ់ទាល់តែសោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧។ អ្នកលេងចំបាប់ និង គុនចម្រុះសញ្ជាតិគុយបា ឈ្នះ ៦ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍គុនចម្រុះ រយៈពេល ២ ឆ្នាំរហូតដល់ដើមឆ្នាំ ២០១៨ ទើបស្គាល់រសជាតិបរាជ័យ។

យ៉ាងណាក្ដី ការប្រកួត៤លើកចុងក្រោយរបស់ Gustavo គឺ ឈ្នះ ២ និង ចាញ់ ២លើក។ ម្ចាស់ក្លិប «សិល្បៈ» រូបនេះកត់សម្គាល់ឃើញថា ៖«Gustavo មានកម្លាំងស៊ុហ្វល្អខ្លាំង ក្បាច់ចូលចាប់អស្ចារ្យ។

ដូច្នេះខ្ញុំមិនទាន់គិតថាអាចមានប្រៀបទេទោះឈរវ៉ៃ ឬ ដេកវ៉ៃ»។ យ៉ាងក៏ដោយបុរសវ័យ ៣៣ឆ្នាំរូបនេះបានត្រៀមលក្ខណៈរួចហើយ ក្រោមការបង្វឹកផ្នែកកម្លាំងស៊ុហ្វ និងក្បាច់ជាច្រើនពីសំណាក់គ្រូបង្វឹក Lorenzo Lanzafame។

រតនា សង្កត់ធ្ងន់បែបនេះ ៖«ខ្ញុំរង់ចាំមើលពេលវេលាជាក់ស្ដែង ថាត្រូវប្រើជំហរឈរវ៉ៃឲ្យច្រើនឬ យ៉ាងណា។ ប៉ុន្តែគេពិបាកជាមួយយើងដែរដោយសារ គេខ្លីជាងយើង។ ដូច្នេះខ្ញុំអាចប្រើដៃវ៉ៃចេញច្រើន»។

រតនា បានធ្វើកម្ពុជាខ្ពស់មុខមាត់នៅសង្វៀន ONE តាមរយៈការឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian , Abrou Fernandes និង កីឡាករហ្វីលីពីន Ramon Gonzales ។ ពីរប្រកួតចុងក្រោយឈ្នះទាំងអស់នៅសង្វៀន ONE សម្រាប់ ចាន់ រតនា។

គួរដឹងថា Gustavo Balart ជាម្ចាស់មេដាយមាស Pan American Games 2011 ដែលរៀបចំនៅប្រទេសម៉ិកស៊ីកូ បន្ទាប់ពីរូបគេយកឈ្នះកីឡាករវេណេស៊ុយអេឡា Jorge Cardozo។ គេជាកីឡាករជម្រើសគុយបាដោយបានចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ នៅក្រុង ឡុងដ៏ប្រទេសអង់គ្លេស។កាល Balart ឈ្នះ កីឡាករទួកគីនៅវគ្គ ១៦ នាក់ ប៉ុន្តែ ចាញ់កីឡាករកូរ៉េខាងត្បូង វគ្គ ៨នាក់ចុងក្រោយ៕