បណ្តាញសង្គម

FIFA សម្រេចបន្ថែមចំនួនក្រុមក្នុង World Cup នារីឆ្នាំ២០២៣ ក្រោយមានសន្ទុះខ្លាំង

កាលពីម្សិលមិញនេះ ក្រុមប្រឹក្សា FIFA បានសម្រេចដោយឯកច្ឆន្ទថា នឹងបន្ថែមចំនួនក្រុមពី ២៤ប្រទេស ទៅ ៣២ប្រទេស ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣។

ការបន្ថែមចំនួនក្រុមនេះ ធ្វើឡើងក្រោយពីព្រឹត្តិការណ៍ World Cup នារី ឆ្នាំ២០១៩ នៅប្រទេសបារាំងមានភាពជោគជ័យខ្លាំង ដោយមានទស្សនិកជនរាប់ម៉ឺននាក់ទៅទស្សនាដល់កីឡដ្ឋាន និងមនុស្សរាប់លាននាក់ទស្សនាតាមកញ្ចក់ទូរទស្សន៍ នេះបើតាមការលើកឡើងរបស់ប្រធាន FIFA។

លើសពីនេះទៀត ការដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup នារីនៅឆ្នាំ២០២៣ ក៏មានការកើនឡើងលើសពីព្រឹត្តិការណ៍ឆ្នាំមុនៗ ដែរ ដោយមានប្រទេសរហូតដល់ទៅ ៩ ឯណោះសម្រុកដាក់ពាក្យធ្វើម្ចាស់ផ្ទះ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ទាត់នារីធ្វើឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមាន ១២សមាគមបាល់ទាត់ (ប្រទេស) ចូលរួម ហើយក្រោយមកដំឡើងមក ១៦ក្រុម នៅឆ្នាំ១៩៩៩ និង២៤ក្រុម នៅឆ្នាំ២០១៥៕