បណ្តាញសង្គម

កម្ពុជា បញ្ជូនអត្តពលិក៣នាក់ ទៅប្រកួតកីឡា អូឡាំពិកយុវជនឆ្នាំ២០១៤ នៅចិន

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសម្រេចបញ្ជូនអត្តពលិក ដែលជាយុវជន ចំនួន ៣នាក់ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកយុវជន នៅឆ្នាំ២០១៤នេះ (Youth Olympic Games) នៅទីក្រុងណានជីង ប្រទេសចិន ចាប់ពីថ្ងៃទី ១៦ ដល់ ២៨ សីហា ឆ្នាំ២០១៤ ខាងមុខ។

បញ្ជីឈ្មោះនេះ បានបង្ហាញ ឱ្យដឹងនៅ ថ្ងៃទី ២៣ កក្កដា ម្សិលមិញ តាមរយៈ ទំព័រហ្វេសប៊ុក ផ្លូវការរបស់ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។ អត្តពលិក ឈុតយុវជន ទាំង ៣ រូប របស់កម្ពុជារួម មានកីឡា ការិនី ឌន ស្រីម៉ៅផ្នែក កីឡាចំបាប់កីឡាករ ចេង សុផាផ្នែក កីឡាហែលទឹក និងកីឡាការិនី សុខា បញ្ញាវិរិយវតីផ្នែក អត្តពលកម្ម។

បន្ថែមពីលើនេះ លោក ញ៉ាន សុខវិសាល ជានាយបេសកកម្ម នឹង ដឹកនាំ ភាគីកម្ពុជាទៅចូលរួម ព្រឹត្តិការណ៍កីឡាករ ដ៏ធំសម្រាប់ យុវជននេះ ចំណែកលោក ហែម គិរីគ្រូបង្វឹកកីឡា ហែលទឹក និង លោកឡាក់ ឡុច គ្រូបង្វឹកកីឡា អត្តពលកម្ម ក៏នឹងចេញដំណើរ ទៅជាមួយ កូនសិស្សដែរ។

ប្រភពបាន បន្ថែមថា ក្រុមអត្តពលិកកម្ពុជា នឹង ចេញដំណើរទៅ ប្រកួតនៅ ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៤ពោល គឺមុនពិធីបើក២ ថ្ងៃ។កីឡាអូឡាំពិកយុវជន មានអត្តពលិក មកពីជុំវិញ ពិភពលោកជាច្រើន ចូលរួមដោយ ប្រកួតលើ២៩ ប្រភេទកីឡា ដែលមានចំនួន ២២២ វិញ្ញាសា៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ