បណ្តាញសង្គម

ស្រាយ​មូលហេតុ​​នៃ​ក្បាច់​អបអរ​របស់ Griezmann បាច​ផ្លេកៗ​​លើ​អាកាស​យប់​មិញ

ខ្សែបម្រើប្រយុទ្ធ Antoine Griezmann បានបង្ហាញក្បាច់អបអរប្លែកបាចផ្លេកៗលើអាកាសកាលពីយប់មិញ បន្ទាប់ពីរកគ្រាប់នាំមុខបានសម្រេចឲ្យ Barcelona។ Griezmann ត្រូវទទួលបន្ទុកធ្វើការងារធ្ងន់នៅតំបន់ប្រយុទ្ធខាងលើ ដោយសារតែដៃគូ Lionel Messi និង Luis Suarez សុទ្ធតែរបួសដូចគ្នាបានត្រឹមអង្គុយ។

ក្នុងការប្រកួត Barca យកឈ្នះ Real Betis ៥-២ កីឡាករចំណូលថ្មី Griezmann រកបាន២គ្រាប់ម្នាក់ឯង។ អ្វីដែលគេគ្រប់គ្នាចាប់អារម្មណ៍ បន្ទាប់ពីទាត់ចូលទីគ្រាប់ទី២ កីឡាករសញ្ជាតិបារាំងបានរត់ទៅកន្លែងទាត់បាល់ជ្រុង យកផ្លេកៗពីក្រុមការងាររួចបាចឡើងលើ ដែលនេះជាក្បាច់អបអរដ៏ប្លែកមួយ។

តាមការឲ្យដឹង Griezmann ធ្វើបែបនេះគឺយកគំរូក្បាច់អបអរតាមកីឡាករបាល់បោះអាមេរិក LeBron James។ក្រៅពីបាល់ទាត់ Griezmann ក៏ជាអ្នកចូលចិត្តកីឡាករបាល់បោះផងដែរ។ កន្លងទៅគេក៏ធ្លាប់បង្ហាញសមត្ថភាពបោះបាល់ចូលកន្ត្រកជាមួយកីឡាករនៅ NBA គឺ CJ McCollum។

កីឡាករវ័យ២៨ឆ្នាំបានផ្ទេរមកកាន់ Barcelona នៅរដូវក្ដៅនេះ ជាមួយតម្លៃទិញផ្ដាច់កុងត្រា១២០លានអឺរ៉ូ៕

ដកស្រង់ពី៖ Sabay