បណ្តាញសង្គម

ថាមែនៗ ឡុង សុភី ឡើងសងសឹក រឿង សោភ័ណ្ឌ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៦៩គីឡូក្រាម

ទីបំផុតអ្នកប្រដាល់លេងជង្គង់ ឡុង សុភី បានឡើងទៅជួបសត្រូវចាស់ រឿង សោភ័ណ្ឌ នាវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាម ហើយបន្ទាប់ពីរូបគេយកឈ្នះជើងខ្លាំងថៃ រ៉េមបូ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះនៅ CNC។

កូនសិស្សលោក ឡុង សាលវ័ន្ត ខាងលើនេះនៅតែបង្ហាញទម្រង់ប្រកួតបានល្អ ជាពិសេសលទ្ធផលឈ្នះជាហូរហែនាការប្រកួតមិត្តភាពកន្លងមក ហើយជាឱកាសពិសេសមួយទៀតនោះ គឺអាចឈ្នះពិន្ទុថៃវគ្គជម្រុះខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» ដើម្បីបន្តដំណើរឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

សុភី ធ្លាប់ឈឺចាប់រួចហើយដោយសារ រឿង សោភ័ណ្ឌ កាលពីប៉ុន្មានឆ្នាំមុន ត្រូវសន្លប់ក្រោមកណ្ដាប់ដៃគ្មានមេត្តា អស់ឱកាសត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់។ ការប៉ះគ្មានជាថ្មីនេះអាចជាឱកាសសងសឹកវិញហើយ ប៉ុន្តែសងសឹកបានឬមិនបានមានតែចាំទស្សនាប៉ុន្មានសប្ដាហ៍ខាងមុខទៀត។

រំលឹកដែរថា ខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» ទម្ងន់ ៦៩គីឡូក្រាមរបស់ CNC បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រហើយបន្ទាប់ពី រឿង សោភ័ណ្ឌ ឈ្នះពិន្ទុកីឡាករថៃ Kongthailand ខណៈ ឡុង សុភី ឈ្នះពិន្ទូ Rembo កាលពីថ្ងៃសៅរ៍ប៉ុន្មានថ្ងៃមុននេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រអាចនឹងធ្វើឡើងនៅ២សប្ដាហ៍ខាងមុខ។ ចំពោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ ១៦លានរៀល ស្មើ៤០០០ដុល្លារ៕