បណ្តាញសង្គម

Dortmund ប្រកាសប្រឹងហ្វឹកហាត់បាល់ជ្រុង ក្រោយចាប់ឆ្នោតនៅជាមួយ Barcelona

ភ្លាមៗបន្ទាប់ពីចាប់ឆ្នោតបែងចែកពូល Champions League ក្លឹបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund បានធ្វើការចំអកទៅលើគូប្រជែង Barcelona ដែលនៅពូលជាមួយគ្នា។

សម្រាប់រដូវកាលថ្មី Dortmund ស្ថិតក្នុងពូល F ដែលមានក្រុម Inter Milan, Slavia Prague និង Barcelona។ ក្រោយដឹងខ្លួនថានៅពូលណារួច Dortmund បានបង្ហោះសារឌឺដងទៅកាន់ Barca លើបណ្ដាញសង្គម Twitter ថា៖ “ដល់ពេលហ្វឹកហាត់បាល់ជ្រុងរបស់ពួកយើងហើយ”។

សំណេរនេះ Dortmund ចង់រំឭកព្រឹត្តិការណ៍ UCL កាលពីរដូវកាលមុន ពេលដែលខ្សែការពារ Trent Alexander-Arnold បញ្ឆោតបាល់ជ្រុងបោះឲ្យ Divock Origi ទាត់បញ្ចូលទីទម្លាក់ Barcelona នៅទឹកដី Anfield ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕