បណ្តាញសង្គម

រឿង សោភ័ណ្ឌ ប៉ះ ឡុង សុភី ដឹងតែវ៉ៃហើយ កុំបារម្ភមិនឲ្យខូចកម្មវិធីគេទេ

អ្នកប្រដាល់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបញ្ជាក់ជូនមហាជនហើយថា ប៉ះ ឡុង សុភី ជាថ្មីក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមយកលុយ ៤០០០ដុល្លារ កុំភ័យវ៉ៃដឹងតែអស់ពីសមត្ថភាពហើយ មិនឲ្យខូចកម្មវិធីគេទេ។

បើតាមការលើកឡើងរបស់ រឿង សោភ័ណ្ឌ ក្នុងកម្មវិធី Live របស់ MYTV កាលពីខែសីហា ២០១៩ កន្លងទៅនេះថា សម្រាប់មហាជនដែលលើកឡើង ឬបារម្ភខ្លាចថាខ្លួនប៉ះ ឡុង សុភី វគ្គផ្ដាច់គោជល់មិនវ៉ៃគ្នា ឬថាវ៉ៃមិនអស់ព្រោះរាប់អានគ្នានោះ សូមកុំបារម្ភត្រង់ចំណុចនេះ។

អ្នកប្រដាល់លេងកម្ពស់រូបនេះបញ្ជាក់ថា មិនឲ្យខូចកម្មវិធីគេទេ ព្រោះគេចំណាយលុយរៀបចំឡើងមកហើយ ការរាប់អានគ្នាទុកមួយឡែកសិន វ៉ៃចប់ជាបងជាប្អូនដដែល។

រំលឹកដែរថា កម្មវិធីប្រដាល់របស់ CBS «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» រកឃើញហើយជើងខ្លាំងពីររូបដែលត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី១៤ ខែសីហា ២០១៩ ដើម្បីដណ្ដើមលេខ១ យកប្រាក់រង្វាន់ ១៦លានរៀល៕