បណ្តាញសង្គម

ឡៅ ចិត្រា ឡើងទៅចាំយកលុយ១ម៉ឺនដុល្លារខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM មុនហើយ

ឡៅ ចិត្រា បានកក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM របស់ PNN ហើយ ក្រោយចាយពេលត្រឹមមួយនាទីដំបូងនៃទឹកទី១ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ២០១៩ម្សិលមិញនេះ។

គ្រាន់តែចូលទឹកទី១ភ្លាម ឡៅ ចិត្រា បានប្រើកណ្ដាប់ដៃ និងទាត់ទៅលើ ឡុង ជិន មួយៗ ហើយលោកអាជ្ញាកណ្ដាលបានរាប់ទៅសិស្សគុនក្លឹបខ្លារខិនមានរិទ្ធិ។ បន្ទាប់មក កូនសិស្សលោក ហង់ សឿន រូបនេះក៏បានម៉ាត់មួយដៃចំមុខ ឡុង ជិន មិនអាចបន្តការប្រកួតទៀតបានទេក្នុងទឹកទី១នេះចាញ់ត្រឹមនេះតែម្ដងទៅ។

ដូច្នេះ ឡៅ ចិត្រា ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដោយរង់ចាំអ្នកឈ្នះរវាង សុខ សាវិន និង លន បញ្ញា ដែលត្រូវប្រកួតគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ២០១៩។

ចំណែកលទ្ធផលគូមិត្តភាពអន្តរជាតិ ហ៊ីម សេរី ផ្ដួលកីឡាករថៃ សឿណយ ឲ្យសន្លប់ ខណៈខ្លាចាស់ភ្នំដងរែក ចាន់ សំអាត ឈ្នះពិន្ទុអ្នកប្រដាល់ថៃ បូវី លូកមឿងភិត កាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញា ២០១៩ ក្នុងកម្មវិធី អធិរាជគុនខ្មែរ ISI PALM៕