បណ្តាញសង្គម

អ្នកប្រដាល់ត្រកូល សូត្រ ពីរនាក់បងប្អូនបានត្រឹមស្មើ១ និងចាញ់ពិន្ទុ១ លើសង្វៀនថៃ

កីឡាករគុនខ្មែរពីររូប សូត្រ ប៊ុនធី និង សូត្រ ខេវិន ម្នាក់ចាញ់ពិន្ទុថៃ ខណៈម្នាក់ទៀតបានត្រឹមស្មើប៉ុណ្ណោះនាការប្រកួតមិត្តភាពអន្តរជាតិនៅឯប្រទេសថៃ កាលពីថ្ងៃអាទិត្យប៉ុន្មានថ្ងៃនេះ។

សូត្រ ប៊ុនធី មួយរយៈពេលចុងក្រោយនេះគេធ្វើបានល្អ ជាពិសេសការប្រកួតលើសង្វៀន MX Muay Xtreme កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បើទោះជាមិនឈ្នះក្ដី ប៉ុន្តែស្មើពិន្ទុម្ចាស់ផ្ទះថៃ ស្របពេលការវ៉ៃចេញមួយធ្វើឲ្យដៃគូចង់ស្រុត។

អ្នកលេងគុនខ្មែរខាងលើនេះ មិនជាសម្រុក ឬដើរបុកដៃគូដូចកាលនៅកម្ពុជានោះទេ គឺលើកនេះថយៗ និងឆ្មក់ធាក់ និងកែងបត់ជាដើម។ ប៊ុនធី មានប្រៀបកម្ពស់ និងដៃវែងជើងវែង ជាហេតុធ្វើឲ្យកីឡាករថៃពិបាកចូលវ៉ៃយកពិន្ទុ ឬផ្ដួល ហើយភាគច្រើនត្រូវជង្គង់បោះរបស់កីឡាករកម្ពុជាថែមទៀតផង។

ពេលចាប់អោបវិញ អ្នកប្រដាល់ត្រកូល សូត្រ រូបនេះចាក់ជង្គង់បានល្អ និងច្រើនហើយជួនកាលលើកជង្គង់ចង់ដល់ស្មាថៃតែម្ដង។ មុនចប់ការប្រកួតម្ចាស់ផ្ទះថៃត្រូវគ្រូពេទ្យជូតឈាមឲ្យថែមទៀតផង ដោយសារត្រូវកែងបត់ឆ្វេងស្ដាំរបស់ ប៊ុនធី ប៉ុន្តែយ៉ាងណាអ្នកប្រដាល់កម្ពុជារូបនេះក៏ចង់វង្វេងរបស់ដៃគូម្ដងដូចគ្នា ដោយសារទម្ងន់ដៃ។

ចំណែក សូត្រ ខេវិន វិញក៏ប្រកួតល្អគួរសមដែរ ប៉ុន្តែមិនអាចធ្វើអ្វីកីឡាករម្ចាស់បានឡើយ។ ខេវិន ចេញអាវុធនៅយឺតបន្តិច ខណៈដៃគូគេចេញបានច្រើន សន្សំពិន្ទុបានច្រើនជាហេតុចប់ការប្រកួតទទួលបានជ័យជម្នះនាពេលនោះ។

រំលឹកដែរថា កីឡាករ សូត្រ ប៊ុនធី ស្មើពិន្ទុអ្នកលេងគុនថៃ Singthong រីឯ សូត្រ ខេវិន ចាញ់ពិន្ទុកីឡាករ PANGPOND កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ២០១៩ លើសង្វៀនប្រដាល់ MX Muay Xtreme៕