បណ្តាញសង្គម

ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋត្រូវបានអ្នកគាំទ្រយកមកបង្ហាញក្នុងជំនួប កម្ពុជា អ៊ីរ៉ាក់

ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

នេះជាការបាត់បង់យ៉ាងធំធេងបំផុតរបស់ប្រជាជនកម្ពុជា ដោយព្រះអង្គធ្លាប់ជាម្លប់ដ៏ត្រឈឹងត្រឈៃដល់កូនចៅព្រះអង្គទាំងមូលពេញមួយប្រទេស។ វីរភាព និងភាពអង្គអាចរបស់ព្រះអង្គមានតម្លៃស្មើដុំមាសមិនអាចកាត់ថ្លៃបានឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប៧ព្រះវស្សា ពីការយាងចូលទិវង្គតរបស់ព្រះអង្គ ខណៈក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ាក់ក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោកជុំទី២។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គេឃើញមានក្រុមអ្នកគាំទ្រគោព្រៃកម្ពុជាដែលគេស្គាល់ថា Angkor Army បានលើក ក៏ដូចជាតាំងបង្ហាញព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋក្នុងព្រឹត្តិការណ៍នេះផងដែរ ការតាំងបង្ហាញនេះ ស្ដែងឲ្យឃើញថា កូនចៅ ចៅទួត របស់ព្រះនៅតែចងចាំនិងគោរពស្រលាញ់ព្រះអង្គជាដ៏រាបរៀងទៅ។

មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ តែគេសង្កេតឃើញកីឡាករ ពោលគឺ មុននឹងចាប់ផ្ដើមការប្រកួតកម្មវិធីទាំងមូលបានចំណាយ ១នាទីដើម្បីចូលរួមរំលឹកវិញ្ញាណក្ខន្ធ។

បញ្ចប់ការប្រកួតកម្ពុជាចាញ់អ៊ីរ៉ាក់ដោយបច្ចេកទេសក្នុងលទ្ធផល៤-០ ធ្វើឲ្យកម្ពុជាឈរនៅចំណាត់ទី៥ ក្នុងពូល C៕

ដកស្រង់ពី៖ Sabay