បណ្តាញសង្គម

ក្រុមកីឡារាំជម្នះឧបសគ្គរហូតឈ្នះមេដាយមាស និងប្រាក់ កម្រិតអន្តរជាតិជូនកម្ពុជា

ក្រុមអត្តពលិកកីឡារាំរបស់កម្ពុជា បានវិលត្រលប់ពីការប្រកួតនៅប្រទេសចិន ព្រឹកមិញនេះហើយ ដោយនាំមកនូវមេដាយចំនួន៣គ្រឿង នៃការប្រកួត Taipei Open 2019 ទើបតែបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធរាំ បានឲ្យដឹងថា ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកីឡាករ កីឡាការិនី ដែលទៅចូលរួមនេះមានការខំប្រឹងប្រែងខ្លាំង ទាំងការហ្វឹកហាត់ ទាំងការប្រកួតរហូតឈានទៅដល់ឈ្នះមេដាយមាសជូនប្រទេសកម្ពុជា។

ការប្រកួតនេះគឺលំបាក និងតានតឹងខ្លាំង ដោយសារតែកីឡាករ កីឡាការិនីកម្ពុជាជួបប្រកួតសុទ្ធតែជាមួយអ្នកខ្លាំង ក្នុងតំបន់ និងកម្រិតពិភពលោកថែមទៀត។

អគ្គលេខាធិការខាងលើនេះលើកឡើងទៀតថា មុនការប្រកួតសហព័ន្ធមិនសូវជាមានការសង្ឃឹមណាស់ណាទេ ប៉ុន្តែនៅពេលប្រកួតជាក់ស្ដែង មើលតាមបច្ចេកទេសឃើញថាក្រុមរបស់កម្ពុជាគឺមានសមត្ថភាពប្រហាក់ប្រហែលនិងប្រទេសខ្លាំងៗទាំងនោះ។

តាមរយៈការប្រកួត និងបទពិសោធនេះសហព័ន្ធរំពឹងខ្ពស់ថានៅព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ចុងឆ្នាំនេះ កីឡារាំអាចរកមេដាយជូនកម្ពុជាបាន។រំលឹកដែរថា សហព័ន្ធកីឡារាំបានបញ្ជូនអត្តពលិក រួមនិងគណៈប្រតិភូសរុបចំនួន ៧នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍ Taipei Open 2019 នៅឯប្រទេសចិន។ក្នុងនោះកម្ពុជាឈ្នះមេដាយ៣គ្រឿង មាស១ និងប្រាក់២៕