បណ្តាញសង្គម

អស្ចារ្យណាស់ កីឡារាំកម្ពុជាឈ្នះមេដាយមាស៨គ្រឿងកម្រិតអន្តរជាតិពីប្រទេសចិនជាថ្មី

ក្រុមកីឡារាំរបស់កម្ពុជាចំនួន១២នាក់ ឈ្នះមេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង និងសំរឹទ្ធ៦គ្រឿងក្នុងកម្មវិធី ADSF Asian Single Dance 2019 នៅទីក្រុងហុងកុង ប្រទេសចិន និងទើបមកដល់កម្ពុជាវិញម្សិលមិញនេះ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំ បានឲ្យដឹងថា ជាមោទនភាពណាស់សម្រាប់សហព័ន្ធដោយសារការខំប្រឹងប្រែង និងសមិទ្ធផលជាបន្តបន្ទាប់ពិសេសគឺមេដាយជាង២០គ្រឿងដែលទើបនិងឈ្នះនៅឯហុងកុងនេះតែម្ដង។

កីឡារាំចេញទៅប្រកួតម្ដងៗមិនដែលអត់ទទួលបានមេដាយនោះទេ គឺតែងតែនាំមកនូវជ័យជម្នះ និងលើកមុខមាត់កម្ពុជាជានិច្ច។ប្រធានសហព័ន្ធដែលជាស្ត្រីខាងលើនេះបន្ថែមទៀតថា បច្ចុប្បន្ននេះសហព័ន្ធមានការខ្វះខាតធនធានកីឡាករ ដោយពិបាកស្វែងរកអ្នកចង់ហាត់រៀន ខណៈកីឡាមួយនេះទើបតែបង្កើតនៅកម្ពុជា ប៉ុន្តែម្នាក់ៗខំប្រឹងធ្វើដើម្បីឲ្យរីកចម្រើន និងព្យាយាមបង្កើនសមត្ថភាពកីឡាករកីឡាការិនីតាមដែលអាចធ្វើទៅបាន។

តាមរយៈជ័យជម្នះនេះសហព័ន្ធរំពឹងថា ស៊ីហ្គេម ចុងឆ្នាំនេះនៅហ្វីលីពីន នឹងនាំនូវមេដាយជូនកម្ពុជាទៀត។រំលឹកដែរថា កីឡាករ កីឡាការិនីកម្ពុជាចំនួន១២នាក់ បានទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា ADSF Asian Single Dance 2019 នៅឯទីក្រុងហុងកុង ប្រទេសចិនកាលពីថ្ងៃទី៧ ដល់ ១១ ខែវិច្ឆិកា ២០១៩ ទើបបញ្ចប់។ កម្ពុជាឈ្នះមេដាយសរុប ២១គ្រឿងលើ៩វិញ្ញសាផ្សេងៗគ្នា៕