Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធន់ ចាន់តាក់ ត្រៀមខ្លាំងបំផុត ដើម្បីប្រកួតផ្តាច់ព្រ័ត្រជាមួយថៃ

  • បោះពុម្ព

អតីតកីឡាករជើងខ្លាំង ធន់ សុភា ដែលជាគ្រូបង្វឹក ១ រូប នៅក្នុងសមាគមកីឡាក្រសួងការពារជាតិបានអះអាងថា ធន់ ចាន់តាក់ បានបង្កើនការហ្វឹកហាត់ខ្លាំងបំផុត ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ទម្ងន់ ៦៣,៥ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» ជាមួយជើងខ្លាំងរបស់ថៃ Rith Aiyara នៅលើសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

គ្រូបង្វឹកវ័យក្មេង លោក ធន់ សុភា មិនបានគិតថា ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ ៦ ០០០ ដុល្លារ សម្រាប់អ្នកឈ្នះ និង ៣ ០០០ ដុល្លារ សម្រាប់អ្នកចាញ់នេះ វាជារឿងងាយស្រួល ចំពោះ ធន់ ចាន់តាក់ នោះទេ ព្រោះជំនាញទាត់ដ៏ខ្លាំងរបស់ Rith Aiyara ត្រូវបានលោក ធន់ សុភា មើលឃើញថា ជាបញ្ហាប្រឈមដ៏លំបាករបស់ ចាន់តាក់។

លោកបានធ្វើការប្រៀបធៀបថា៖ «ធន់ ចាន់តាក់ នឹងត្រូវប្រឈមការលំបាកច្រើន ព្រោះយើងមានជំនាញវាយកៀក ដោយការចូលម៉ាត់ និងវាយកែង ចំណែកថៃ គេខ្លាំងខាងទាត់ អ៊ីចឹងផ្លែវាយចេញរបស់យើង អាចចាញ់ប្រៀបគេ»។

នៅមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ធន់ ចាន់តាក់ បានឈ្នះទាំង ៣ ប្រកួត ដើម្បីបានលេខ ១ ប្រចាំគ្រុប A ចំណែក Rith Aiyara បានផ្តួលកីឡាករ កូយ ឡាយ ឲ្យសន្លប់ត្រឹមទឹកទី ២ មុនឈ្នះជនរួមជាតិថៃ Far Singthorng នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ ហើយការប្រកួតផ្តាច់ព្រ័ត្រប្រចាំគ្រុប B នេះ Rith Aiyara បានឈ្នះ សេក គឹមរួន ចំនួន ២ លើក ព្រោះជំនួបលើកទី ១ ត្រូវបានឆាចោល ដោយសារថៃម្នាក់នេះបានទាត់ថែមខុសលក្ខខណ្ឌ បណ្តាលឲ្យ សេក គឹមរួម សន្លប់ត្រឹមទឹកទី ៥ ហើយលើកទី ២ គេបានឈ្នះពិន្ទុ។

ជុំវិញការទប់ស្នៀតទាត់ដ៏ខ្លាំងរបស់ Rith Aiyara នេះ លោក ធន់ សុភា បានបន្ថែមថា៖ «ខ្ញុំបានបង្ហាត់បច្ចេកទេសថ្មីៗ ដើម្បីបង្រ្កាប និងការពារក្បាច់ទាត់នេះហើយ ប៉ុន្តែអ្វីដែលខ្ញុំនៅតែបារម្ភនោះ គឺខ្លាចកីឡាករផ្ទាល់ មិនអាចធ្វើបានល្អ ទៅតាមអ្វីដែលខ្ញុំបានបង្ហាត់ និងប្រាប់ដល់គាត់ ព្រោះយើងជាគ្រូបានត្រឹមបង្ហាត់បង្ហាញដល់គាត់ទេ ចំណែកការអនុវត្តផ្ទាល់ នៅលើសង្វៀនបានល្អកម្រិតណានោះ គឺវាអាស្រ័យទៅលើកីឡាករខ្លួនឯងផ្ទាល់»។

យ៉ាងណាក៏ដោយ លោក ធន់ សុភា នៅតែមានការសង្ឃឹមខ្ពស់ទៅលើ ធន់ ចាន់តាក់។ លោកបញ្ជាក់ថា៖ «ចាន់តាក់ អាចមានសង្ឃឹមឈ្នះ ៨០ ភាគរយ ហើយការសង្ឃឹមខ្ពស់នេះ ដោយសារគាត់មានឆន្ទៈខ្ពស់ និងប្រឹងប្រែងហ្វឹកហាត់ខ្លាំងបំផុត ដល់អ៊ីចឹងក៏ធ្វើឲ្យយើងជាគ្រូមានទឹកចិត្តខ្លាំង ក្នុងការបង្ហាត់ដល់គាត់ផងដែរ»។

លោកបានបញ្ជាក់បន្ថែមថា៖ «បើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយកីឡាករថៃ យើងជំរុញឲ្យគាត់ហាត់ត្រឹម ៧០ ទៅ ៨០ ភាគរយអីទេ ប៉ុន្តែការហ្វឹកហាត់ ៣ សប្តាហ៍ ត្រៀមការប្រកួតផ្តាច់ព្រ័ត្រនេះ ធន់ ចាន់តាក់ ហ្វឹកហាត់ ១០០ ភាគរយពេញតែម្តង ហើយយើងក៏បានពង្រឹងនូវវិន័យ និងហាមមិនឲ្យគាត់ដើរហើរទៅណានោះទេ។

យើងមិនឲ្យគាត់ធ្វើអ្វីទាំងអស់ គឺឲ្យផ្តោតតែទៅលើការហ្វឹកហាត់មួយមុខគត់ ព្រោះយើងចង់ឃើញ ធន់ ចាន់តាក់ ឈ្នះបានខ្សែក្រវាត់មួយនេះ»។

ដោយឡែកជើងខ្លាំង ឡៅ ចិន្ទ្រា នឹងត្រូវប្រឈមការប្រកួតដ៏លំបាកមួយ ខណៈរូបគេត្រូវដាក់ឲ្យជួបម្ចាស់ខ្សែក្រវាត់ និងជាជើងខ្លាំងរបស់ថៃ Ao Vatan ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍នោះដែរ ហើយថៃម្នាក់នេះ ធ្លាប់ឈ្នះ រឿង សោភ័ណ្ឌ ម្តង និងឈ្នះ ធឿន ធារ៉ា ចំនួន ២ ដង៕