បណ្តាញសង្គម

ពុយ វណ្ណៈ សង្ឃឹម ៥០% គ្រងជើងឯក TV5 ជាថ្មី ក្រោយផ្ដួលដៃគូសន្លប់ទឹក២

អ្នកប្រដាល់មកពីក្លឹបឃ្លាំងមឿងកីឡា ពុយ វណ្ណៈ បន្ទាប់ពីផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី២នៃវគ្គជម្រុះជុំទី១ ឥលូវនេះដាក់ក្ដីសង្ឃឹម ៥០% អាចគ្រងជើងឯកពានរង្វាន់ TV5 ជាថ្មីទៀត។

ជើងខ្លាំងខាងដើរបុក ពុយ វណ្ណៈ លើកឡើងថា តាមរយៈជ័យជម្នះផ្ដួលដៃគូឲ្យសន្លប់កាលពីថ្ងៃសៅរ៍នេះ មិនភ្លេចឡើយការគាំទ្រពីសំណាក់បងប្អូន និងអ្នកទស្សនាប្រដាល់ទាំងអស់ដែលតែងតែលើកទឹកចិត្តខ្លួន ចូលចិត្តការប្រកួតរបស់ខ្លួន។វណ្ណៈ ប្រាប់ទៀតថា វគ្គជម្រុះបន្ទាប់ប៉ះអ្នកណាក៏បានដែរប្រកួតទាំងអស់ ព្រោះកម្មវិធីតម្រូវហើយដូច្នេះមិនខ្លាចញញើតអ្វីទេ។

ដោយសារតែពីមុន វណ្ណៈ ធ្លាប់ឈ្នះជើងឯកពានរង្វាន់ TV5 រួចម្ដងហើយ ដូច្នេះលើកនេះអ្នកប្រដាល់រូបនេះសង្ឃឹម៥០%ជាថ្មីទៀតថានឹងអាចគ្រងពានរង្វាន់នេះម្ដងទៀត។

រំលឹកដែរថា ការប្រកួតសប្ដាហ៍ទី៨ ដែលជាសប្ដាហ៍ចុងក្រោយនៃវគ្គជម្រុះជុំទី១កាលពីថ្ងៃសៅរ៍ ទី១ កុម្ភៈ នេះបានបញ្ចប់ទៅហើយគឺ ពុយ វណ្ណៈ ឈ្នះទឹក២ លើកីឡាករ លីន សុខឈុន ចំណែកគូទី២ សូត្រ ខេវិន ឈ្នះស្វ័យប្រវត្តិលើអ្នកប្រដាល់ ភួង ណាំហង។ វណ្ណៈ ត្រូវប៉ះ សូត្រ ខេវិន នៅជុំទី២ វគ្គ១៦នាក់ចុងក្រោយ៕