បណ្តាញសង្គម

ធ្មេចបើកៗ Ronaldo ឈានដល់វ័យ៣៥ឆ្នាំបាត់ តែមិនមែនដល់ទីបញ្ចប់នៃការប្រកួតប្រជែង

ថ្ងៃទី ៥ ខែ កុម្ភៈ ត្រូវនឹងថ្ងៃនេះគឺជាថ្ងៃកំណើតរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ឈានដល់វ័យ៣៥ឆ្នាំ។អ្នកគាំទ្ររបស់តារាសញ្ជាតិព័រទុយហ្គាល់ទូទាំងពិភពលោកបាននាំគ្នាសរសេរសារជូនពរពាសពេញបណ្ដាញសង្គមធំៗ ជាមួយនូវក្ដីសរសើរលើអាជីពបាល់ទាត់របស់គេដែលធ្លាប់បានសាង។

យ៉ាងណាក៏នៅមានអ្នកគាំទ្រមួយចំនួនបង្ហាញពីអារម្មណ៍ភ័យព្រួយបន្តិចដែរចំពោះវ័យរបស់ Ronaldo ព្រោះខ្លាចគេធ្លាក់ទម្រង់ អាចសម្រេចចូលនិវត្តន៍នៅពេលណាមួយ ឬចាកចេញពីទ្វីបអឺរ៉ុប។

ជាការពិតក្នុងពិភពបាល់ទាត់ កីឡាករមួយចំនួនធំដែលឈានដល់វ័យដូចខ្សែប្រយុទ្ធរបស់ Juventus រូបនេះបានសម្រេចចិត្តផ្លាស់ទៅលេងនៅអាមេរិក ចិន ក្លឹបមធ្យមណាមួយឬចូលនិវត្តន៍តែម្ដង មើលតាមសមត្ថភាពដែលខ្លួនមាន។

បែបនេះក្ដី បើមើលតាមសមត្ថភាពបច្ចុប្បន្នរបស់ Ronaldo មិនទាន់ធ្លាក់ខ្លាំងនៅឡើយទេ ពោលអាចបន្តដំណើរប្រកួតប្រជែងទៅមុខទៀតបាននៅអឺរ៉ុប។ជាក់ស្ដែង សព្វថ្ងៃគេកំពុងឈរលេខពីរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Serie A មាន១៩គ្រាប់ ចាញ់អ្នកលេខមួយ Ciro Immobile ៦គ្រាប់។ អតីតកីឡាកររបស់ United នេះក៏ជាកីឡាករប្រយុទ្ធស្នូលសំខាន់ជួយ Juventus កំពុងឈរលេខ១ លើតារាងពិន្ទុ Serie A រដូវកាលនេះ។

គេក៏នៅមានភារកិច្ចជួយក្រុមប៉ះ Lyon នៅពាក់១៦ក្រុមចុងក្រោយផងដែរពានChampion League។ Ronaldo ជាមនុស្សពូកែថែខ្លួន មិនផឹកស្រា ជក់បារី និងតែងហាត់បង្កើនសមត្ថភាពជាប្រចាំ។

គេធ្លាប់ប្រាប់សារព័ត៌មានថា ចង់លេងបាល់រហូតអាយុ៤០ឬ៤១ឆ្នាំ។ រដូវកាលនេះបើគេអាចជួយសេះបង្កង់ឈានដល់គោលដៅឈ្នះពានធំៗនោះបេក្ខភាពប្រជែងពាន Player of the Year និង Ballon d'Or នៅតែមានឈ្មោះគេជានិច្ច៕