បណ្តាញសង្គម

១ជើងឆ្វេងទាត់ផ្កាប់ចានរបស់ អេលីត ចំរើន កក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ PNN

អ្នកប្រដាល់កំពុងសាងកេរ្តិ៍ឈ្មោះ អេលីត ចំរើន ឆក់ទាត់ផ្កាប់ចាន១ជើងឆ្វេងក្នុងទឹកទី២ ធ្វើឲ្យកីឡាករថៃសន្លប់បោះបង់ការប្រកួតត្រឹមនេះ និងអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់កាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈ ២០២០។

អេលីត ចំរើន ត្រូវប៉ះអ្នកលេងគុនថៃ Kom Payak លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដើម្បីរកជើងខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រហើយចុងបញ្ចប់កាលពីថ្ងៃអាទិត្យនោះអ្នកលេងគុនខ្មែរជាអ្នកឡើងទៅវគ្គបន្ត។

កីឡាករទាំងពីរនាក់ខាងលើនេះក្នុងទឹកទី១ មានការប្រុងប្រយ័ត្នច្រើន មិនហ៊ានចេញស្នៀតអ្វីផ្ដេសផ្ដាសនោះឡើយ និងគិតតែការពារជាជាងវ៉ៃសម្រុក រហូតដល់អាជ្ញាកណ្ដាលលោក ជា រិទ្ធ ព្រមានឲ្យវ៉ៃ។

ចូលទឹកពីរពួកគេចេញស្នៀតទាត់ និងចាប់អោបគ្នាខ្លះៗដែរ ប៉ុន្តែមិនជាខ្លាំងក្លានោះឡើយ ពោលនៅតែប្រយ័ត្នខ្ពស់។ ការប្រកួតឈានដល់ពាក់កណ្ដាលទឹកទី២ កីឡាករថៃភ្លាត់ស្នៀតទម្លាក់ដៃស្ដាំចុះ ធ្វើឲ្យអ្នកលេងគុនខ្មែរ អេលីត ចំរើន ឆក់ទាត់ផ្កាប់ចានឆ្វេងចូលករហូតអាជ្ញាកណ្ដាលរាប់ដល់១០នៅតែមិនអាចប្រមូលស្មារតី និងប្រកួតបន្តទៀតឡើយ។

រំលឹកដែរថា កីឡាករ អេលីត ចំរើន កូនសិស្សលោក ស៊ន អេលីត បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ហើយ បន្ទាប់ពីផ្ដួលកីឡាករថៃ Kom Payak ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃអាទិត្យកន្លងទៅសប្ដាហ៍មុននេះ។ ចំរើន ជាបេក្ខភាពទី៤ ហើយដែលបានឡើងទៅជុំទី២ ជាមួយកីឡាករខ្មែរ២ពីររូប និងថៃ១រូបដែលបានប្រកួតហើយ៕