បណ្តាញសង្គម

ក្រុម​វ័យ​ចាស់ កំពង់​ចាម FC ​លើក​ពាន Tiger Street Football 2020 ​មណ្ឌល​កំពង់​ចាម​

ក្រុម កំពង់ចាម FC ដែលមានកីឡាករវ័យចាស់ដល់ទៅ២នាក់ (អាយុ៣៥ និង៤១ឆ្នាំ) បាននាំក្រុមឈ្នះជើងឯក Tiger Street Football 2020 មណ្ឌលកំពង់ចាមហើយ ក្រោយពីឈ្នះក្រុម ផ្ទះល្វែង ម៉ារីសា FC ក្នុងលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់ការប្រកួតថ្ងៃចុងក្រោយនេះដែរ ពិតជាល្អមើលមែនទែន ដោយមានអ្នកគាំទ្រចូលរួមទស្សនាពេញកន្លែងអង្គុយ និងឈរមើលជុំវិញទីលានប្រកួតតែម្ដង។ នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុម កំពង់ចាម FC និងក្រុមផ្ទះល្វែង ម៉ារីណា បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយម៉ោងលេងស្មើគ្នា ១-១ តម្រូវឱ្យថែមម៉ោងដកកីឡាករទៀត ទើបស្វែងរកអ្នកឈ្នះឃើញ។

ចប់ការប្រកួត ក្រុម កំពង់ចាម FC ជាអ្នកបានជើងឯក ដោយឈ្នះក្នុងលទ្ធផល ២-១។ ក្រុមលេខ៣វិញ បានទៅលើក្រុម កុកស ដែលយកឈ្នះលើក្រុម Member Fox A ក្នុងលទ្ធផល ១-០។

សម្រាប់៣ក្រុមទៀតដែលមានឱកាសបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសដែរនោះ រួមមាន King Lion , Justice FT និងក្រុមអ្នកប្រមាញ់ទីក្រុង។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកុម្ភៈដល់ថ្ងៃទី១ខែមីនាឆ្នាំ២០២០ ដោយមានវត្តមានរបស់កីឡាករលំដាប់ពិភពលោក Rio Ferdinand វីរបុរសរបស់ក្រុម Manchester United ចូលរួមផងដែរ។

សម្រាប់ប្រាក់រង្វាន់នៅមណ្ឌលនេះ គឺក្រុម កំពង់ចាម FC បាន ១ ៥០០ដុល្លារ ក្រុមលេខ២ ផ្ទះល្វែងម៉ារីណា បាន ១ ០០០ដុល្លារ ក្រុមលេខ៣ កុកស បាន៥០០ដុល្លារ និងក្រុមលេខ៤ Member Fox A បាន២០០ដុល្លារ។ មណ្ឌលបន្ទាប់ពីកំពង់ចាម នេះគឺមណ្ឌលកំពត ធ្វើឡើងនៅថ្ងៃទី១៥ ១៦ខែកុម្ភៈឆ្នាំ២០២០៕