បណ្តាញសង្គម

កុំចេះតែហ៊ានមនុស្ស​រុញ​ចូល​គុក របស់​រុញ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួន នៅចំណុចហាងការថ្វេ TBR ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់សិស្សសាលាម្នាក់គេចខ្លួនបាន២ថ្ងៃ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា បន្ទាប់ពីមានករណីចោរលួចយកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក ប.មានជ័យ 1U-5998 ពីកន្លែងផ្ញើម៉ូតូ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ ដែលមានម្ចាស់ឈ្មោះ ភឿន កេសី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិស្សវិទ្យាល័យសិរីសោភ័ណ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវតាមរកមុខសញ្ញបង្កល្មើស និងដោយមានកាម៉ារ៉ាសុវត្ថិភាពផងនោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងកំណត់បាននូវមុខសញ្ញាជនបង្កល្មើស ។

លុះនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលបានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ណាប់ សុខា ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចហាងការថ្វេ TBR នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកសាកសួរចម្លើយ រួមទាំងម៉ូតតូ១គ្រឿងរបស់ជនរងគ្រោះផងដែរ ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយជនសង្ស័យមានសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់យុវសិស្សវិទ្យាល័យសិរីសោភ័ណនោះមែន ដោយផ្អែកតាមចម្លើយតាមចម្លើយសារភាពរបស់ជនសង្ស័យនិងការដកហូតបានវត្ថុតាងជាក់ស្តែងម៉ូតូរបស់ជនរងគ្រោះ ដែលជនល្មើសបានលួចផងនោះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញហើយដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព