Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គង់ សំបូរ តាំងចិត្តផ្តួលកីឡាករម៉ារ៉ុក យកប្រាក់រង្វាន់

  • បោះពុម្ព

អ្នកប្រដាល់ចិត្តធំ គង់ សំបូរ ដែលបានផ្លាស់មកនៅក្លិបគុហាព្រហ្មជ័យខេត្តសៀមរាបបានឈានចូលទៅក្នុងសង្វៀន Mas Fight របស់ទូរទស្សន៍ថោន នៅថ្ងៃអាទិត្យនេះ ដោយរូបគេមានមហិច្ឆតាផ្តួលអ្នកប្រដាល់ចំណូលថ្មី Petkra Sanit មកពីប្រទេស ម៉ារ៉ុក ក្នុងទម្ងន់ ៦៥ គីឡូក្រាម ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម ខណៈការប្រកួត ៩ នាទីពេញ គ្មានឈប់នេះ គឺបើវ៉ៃគូប្រកួតមិនឲ្យសន្លប់ នឹងបានលទ្ធផលស្មើគ្នា គ្មានការចាញ់ដោយពិន្ទុនោះឡើយ។

គង់ សំបូរ កំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយលោកគ្រូ ជា រិទ្ធ នៅឯខេត្តសៀមរាបស្របពេលទាំងគ្រូ និងសិស្សបានតាំងចិត្តថា ចូលទៅវ៉ៃនៅសង្វៀនថ្មីនេះ ដោយសង្ឃឹមមានឱកាសបានផ្តួលដៃគូឲ្យសន្លប់មុនស្នូរជួងបញ្ចប់ ដើម្បីយកប្រាក់រង្វាន់បន្ថែម ដែលមានពីចំនួន ២០០ ដុល្លារឡើងទៅ ខណៈការវិលមកប្រកួតសង្វៀនក្នុងស្រុកជាថ្មី ចំនួន ៣ លើកចុងក្រោយនេះ គង់ សំបូរ បានឈ្នះ សេក គឹមរួន នៅសង្វៀនប៉ុស្តិ៍លេខ ៥ ដើម្បីឈានចូលទៅប្រកួតវគ្គ ២ នៃពានរង្វាន់ TV5 Boxing Knock out Serie ហើយរូបគេបានបន្តឈ្នះកីឡាករថៃចំនួន ២ លើក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនបាយ័ន។

ទាក់ទងទៅនឹងបទពិសោធប្រកួតរបស់កីឡាករ Petkra Sanit ដែលជាដៃគូរបស់ គង់ សំបូរ ត្រូវបានលោក MC Vutha អ្នកគ្រប់គ្រងសមាសភាពផ្គូផ្គងប្រវត្តិកីឡាករប្រចាំសង្វៀន Mas Fight ប្រាប់ថា កីឡាករម៉ារ៉ុករូបនេះ ធ្លាប់ប្រកួតបានត្រឹម ១០ ដងទេ ដោយឈ្នះ ៩ និងចាញ់ ១ ដងគត់ ប៉ុន្តែគេមានកម្ពស់ ១,៧៥ ម៉ែត្រ ខណៈ គង់ សំបូរ មានកម្ពស់តែ ១,៦៧ ម៉ែត្រ ហើយធ្លាប់ប្រកួត ៩២ ដង ឈ្នះ ៧៤ ចាញ់ ១៦ និងស្មើ ២ ដង។

គង់ សំបូរ បាននិយាយថា៖ «ខ្ញុំហាត់ត្រៀមប្រកួតបានល្អ ដោយមានចិត្តចង់ឡើងនៅសង្វៀន Mas Fight របស់ទូរទស្សន៍ថោននេះយូរហើយ ហើយសប្តាហ៍នេះ បានដូចចិត្ត អ៊ីចឹងខ្ញុំមានបំណងវាយផ្តួលដៃគូឲ្យសន្លប់ ដើម្បីសាងភាពល្បីព្រមទាំងដណ្តើមប្រាក់រង្វាន់បន្ថែម។

ខ្ញុំប្រឹងខ្លាំង និងមានគោលដៅផ្តួលឲ្យបានក្នុងទំនុកចិត្ត ៧០ ភាគរយ»។ចំណែកលោក ជា រិទ្ធ ជាគ្រូបង្វឹកបានអះអាងថា៖ «តាមខ្ញុំគិត និងដាក់ផែនការប្រយុទ្ធក្នុងរយៈពេល ៩ នាទី គ្មានឈប់របស់ Mas Fightនេះ ខ្ញុំមានទំនុកចិត្តថា សំបូរ នឹងឈ្នះមិនអាចដល់ ៩ នាទីនោះឡើយ ដោយខ្ញុំសង្ឃឹមឈ្នះ ៨០ ភាគរយ»។

ចំណែកលោក ស្រ៊ុន កុសល នាយកគ្រប់គ្រងកម្មវិធីប្រចាំសង្វៀន Mas Fight របស់ទូរទស្សន៍ថោន បានប្រាប់ថា៖ «ការផ្គូផ្គងមិនមែនខ្មែរយើងទេ គឺមានភាគីនៅចិនហុងកុង ដែលជាម្ចាស់ដើមនៃ Mas Fight ដោយក្នុងនោះ មុននឹងសម្រេចឲ្យប្រកួតត្រូវបានមើលសមត្ថភាពប្រកួតតាមរយៈវីដេអូកន្លងមក ទើបដាក់ឲ្យប្រកួត។

យើងសហការគ្នាល្អ ហើយកម្មវិធី Mas FightCambodia ដែលចាប់ផ្តើមបានត្រឹម ១៦ សប្តាហ៍ តែយើងទទួលបានការគាំទ្រច្រើនពីមហាជន និងខាងពាណិជ្ជកម្មផងដែរ»។

លោកបានបន្ថែមថា៖ «ជាមួយគ្នានេះកីឡាករជើងចាស់ និងជើងថ្មីរបស់ខ្មែរយើង មួយចំនួនធំពេញចិត្ត និងចូលរួមប្រកួតនៅសង្វៀន Mas Fight នេះ ដោយពួកគាត់អះអាងពីភាពយុត្តិធម៌ ហើយអ្នកខ្លាំងផ្តួលដៃគូឲ្យសន្លប់បាន នឹងឈ្នះដោយមិនចាំបាច់មានចៅក្រមដាក់ពិន្ទុនាំតែមានការវិវាទ ឬតវ៉ាច្រើននោះឡើយ»។

សម្រាប់ការប្រកួត Mas Fight នៅថោននាថ្ងៃអាទិត្យនេះ ក៏មានការប្រកួតគូអន្តរជាតិចំនួន ២ គូទៀតផងដែរ ដោយក្នុងនោះ កីឡាករកម្ពុជា ពេជ្រ ប៊ុនសិដ្ឋ មកពីក្លិបចលនាយុវជន ១៥៧ គុនខ្មែរត្រូវប៉ះកីឡាករចិន Hang Guishan ក្នុងទម្ងន់ ៥៥ គ.ក្រ ហើយរឿង សារ័ត្ន ត្រូវជួបអ្នកប្រដាល់ថៃ Fahsura Sitchan ក្នុងទម្ងន់ ៥៧ គ.ក្រ៕