បណ្តាញសង្គម

វឌ្ឍនាកា៖ កាលណាលីគមានការគាំទ្រខ្លាំង លើឆាកអន្តរជាតិយើងក៏ខ្លាំង

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ២០២០ ទើបតែចាប់ផ្ដើមបាន២សប្ដាហ៍ប៉ុណ្ណោះ ដោយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្លឹបបាល់ទាត់បឹងកេតបានយកឈ្នះលើក្លឹបបាល់ទាត់វិសាខាក្នុងលទ្ធផល១-០ នៅកីឡដ្ឋាន ខេមបូឌាអ៊ែវេរ។

កីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានលើកឡើងថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ មិនគិតថាពួកគាត់និងមកគាំទ្រច្រើន ទោះបីជាកីឡដ្ឋានរបស់យើងដាក់បានតែ២៥០០នាក់ យើងឃើញថា សន្ទុះនៃការគាំទ្រលីគច្រើន អ៊ីចឹងខ្ញុំសង្ឃឹមថាបាល់ទាត់ខ្មែរនឹងរីកចម្រើនទៀត។

ខ្ញុំសូមអរគុណទាំងអ្នកគាំទ្រមកទីនេះនិងអ្នកទស្សនាតាមគេហដ្ឋាន សូមបន្តគាំទ្រកាលណាលីគមានការប្រកួតប្រជែងខ្លាំង យើងងាយរកកីឡាករ ហើយការលេងនៅឆាកអន្តរជាតិក៏ខ្លាំងតាមហ្នឹងដែរ»។

កីឡាករដែលទទួលបានងារជា កុមារមាស រូបនេះក៏បានបន្តសរសើរពីទម្រង់លេងរបស់ក្រុមខ្លួនថាលេងស៊ីចង្វាក់គ្នាបានល្អទោះបីជាទើបតែហាត់បានជុំគ្នាជាមួយនិងកីឡាករចំណូលថ្មីក្តី។

រំលឹកដែរថា ១គ្រាប់ដែលធ្វើឲ្យបឹងកេតទទួលជ័យជំនះលើវិសាខានោះគឺរកបាននៅនាទី៥៨ ដោយកីឡាករចំណូលថ្មីបម្រើប្រយុទ្ធ Mothusi Gopane។ ឆ្លងកាត់២ប្រកួតមកនេះ ក្រុមបឹងកេត កំពុងមាន៤ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលីគកំពូលកម្ពុជា៕