បណ្តាញសង្គម

ក្រុមបាល់ទាត់ក្រសួងការងារ ការពារតំណែងជើងឯក ពានអន្តរក្រសួង បានសម្រេចក្រោយឈ្នះ ៥-៣ ម៉ោងបន្ថែម

ក្រុមបាល់ទាត់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពារតំណែងជើងឯកពានរង្វាន់ អន្តរក្រសួង បានសម្រេចឆ្នាំនេះបន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល នៅម៉ោងបន្ថែម១០នាទីពីរដង។

ការប្រកួតពានរង្វាន់អន្តរក្រសួង ឆ្នាំនេះបានបញ្ចប់ទៅហើយកាលពីយប់ថ្ងៃអាទិត្យ ទី១ ខែមីនា បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្ររកឃើញជើងខ្លាំងពីលេខ១ រហូតដល់លេខ៤ រួចមក។

វគ្គព្រ័ត្រយកលេខ១-២ រវាងក្រសួងការងារ និងក្រសួងសុខាភិបាល នេះពិតជាល្អមើល និងស្វិតស្វាញតែម្ដង ខណៈការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកសរុបរហូតដល់៨គ្រាប់ឯណោះ។

ការប្រកួតបញ្ចប់ទាំង២តង់ (៤០នាទី) ក្រុមទាំងពីរស្មើគ្នា ៣-៣ ឈានដល់ម៉ោងបន្ថែម១០នាទីពីរដង ក្រសួងការងារស៊ុតបញ្ចូលទីបាន២គ្រាប់បន្ថែមក្លាយជាជើងឯកជាថ្មីសម្រាប់ឆ្នាំនេះ។

តំណាងក្រុមក្រសួងការងារ បានលើកឡើងថា ជ័យជម្នះនេះជាជ័យជម្នះលើកទី២ជាប់ៗគ្នាហើយ ឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ប៉ុន្តែសរុបទៅក្រសួងការងារបានឈ្នះពានរង្វាន់អន្តរក្រសួងនេះ៣ដងមកហើយកាលពីឆ្នាំ២០១៦ ក៏ធ្លាប់ជាជើងឯកផងដែរ។

ចំពោះជ័យជម្នះនេះដែរ គឺបានមកពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងគ្រប់ផ្នែកទាំងអស់ បានផ្ដល់កម្លាំងចិត្ត រួមនិងការចេះសាមគ្គីគ្នាផងនោះទើបទទួលបានលទ្ធផលយ៉ាងល្អនេះ។ នៅឆ្នាំក្រោយតំណាងក្រុមមកពីក្រសួងការងារនេះនឹងប្ដេជ្ញាយកឈ្នះជើងឯកជាថ្មីទៀតឲ្យបាន។

រំលឹកដែរថា ពានរង្វាន់មិត្តភាពអន្តរក្រសួង ឆ្នាំ២០១៩ នេះបានបិទបញ្ចប់ហើយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ២០២០ នេះបន្ទាប់ពីធ្វើការប្រកួតតាំងពីថ្ងៃទី១៤ ខែធ្នូកន្លងមក។

បន្ទាប់ពីចំណាយពេលប្រកួតអស់រយៈពេលប្រហែល៤ខែមកនេះ ឥលូវរកឃើញ ក្រុមលេខ១ បានលើក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមលេខ២ បានលើក្រសួងសុខាភិបាល ក្រុមលេខ៣ បានលើក្រសួងសេដ្ឋកិច្ច និងលេខ៤ បានលើក្រសួងការបរទេស ៕