បណ្តាញសង្គម

បើ​ទិញ Sancho មិន​បាន Man Utd នឹង​បង្វែរ​រ៉ាដា​ទៅ​កីឡាករ Chelsea ម្នាក់​នេះ

ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខ Manchester United គ្រោងនាំយកខ្សែប្រយុទ្ធ Jadon Sancho មកទឹកដី Old Trafford ប៉ុន្តែបើការចរចាមិនបានសម្រេចទេនោះ ក្លឹបបិសាចក្រហម នឹងបង្វែររ៉ាដារបស់ពួកគេទៅកាន់កីឡាករ Callum Hudson-Odoi ដែលទើបតែបន្តកុងត្រាថ្មី ជាមួយក្លឹប Chelsea នៅដើមរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sancho របស់ Borussia Dortmund គឺជាផ្ទាំងស៊ីបសំខាន់ជាងគេរបស់ Man Utd ព្រោះរូបគេបានបង្ហាញការលេងយ៉ាងល្អឱ្យ Dortmund ក្នុងរដូវកាលនេះ។ ក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍លើ Sancho អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយលោក Solskjaer បានកំណត់យកតារា Dortmund ជាគោលដៅផ្ទេរសំខាន់កាលពីរដូវកាលមុន ប៉ុន្តែក្រោយបរាជ័យ លោកបាននាំយក Daniel James ពីក្លឹប Swansea ជំនួសវិញ។

បើតាមសារព័ត៌មាន Express របស់អង់គ្លេស United ជឿជាក់ថា ពួកគេនឹងអាចប្រជែងយកកីឡាករវ័យ១៩ឆ្នាំ Sancho បាន ខណៈក្លឹបតោខៀវ Chelsea ក៏មានបំណងចង់បានរូបគេដូចគ្នាដែរ។ អ្វីដែលធ្វើឱ្យលោក Ole ចាប់អារម្មណ៍ ក៏ព្រោះកីឡាករអង់គ្លេស Sancho ជាកីឡាករវ័យក្មេង លេងល្អ និងរកបាន ២៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣លើក ឱ្យក្រុម Dortmund ក្នុងរដូវកាលនេះ។

ចំណែកខ្សែប្រយុទ្ធស្លាបអង់គ្លេស Hudson-Odoi ត្រូវបានគេភ្ជាប់ថាទៅលេងឱ្យ Man Utd មុនបន្តកុងត្រាជាថ្មីជាមួយ Chelsea នៅទឹកដី Stamford Bridge។ កីឡាករ Callum កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឆ្លងជំងឺ Covid-19 ហើយបច្ចុប្បន្នកំពុង សម្រាកព្យាបាលដាច់ដោយឡែកម្នាក់ឯងនៅឯផ្ទះ៕