បណ្តាញសង្គម

ក្លឹប Chelsea ចង់បានខ្សែប្រយុទ្ធ Dembele របស់ Lyon

ក្លឹប Chelsea បានបង្វែរការចាប់អារម្មណ៍ និងចង់បានខ្សែប្រយុទ្ធ Moussa Dembe របស់ Lyon ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្ដៅខាងមុខ (អំឡុងខែមិថុនា)។

យោងតាមការរាយការណ៍របស់ The Athletic ក្រុមតោខៀវពិតជាចង់បាន Debele ដែលរកបាន១៦គ្រាប់ ក្នុងការបង្ហាញខ្លួន២៧ប្រកួតនៅ Ligue 1 មកចូលរួមជាមួយក្លឹបណាស់។

Chelsea ចង់បន្ថែមធនធានប្រយុទ្ធរបស់ពួកគេ ខណៈកុងត្រារបស់ Olivier Giroud នឹងអស់នៅរដូវក្ដៅខាងមុខដែរ។ ចំណែក Tammy Abraham ដែលរកបាន១៣គ្រាប់នៅ Premier League ក្នុងរដូវកាលនេះ កំពុងមានបញ្ហារបួស ដូច្នេះការបម្រុងកីឡាករទុក គឺជារឿងមួយដែលក្លឹបត្រូវធ្វើ។

កីឡាករបារាំងវ័យ២៣ឆ្នាំ បានចាប់ផ្ដើមប្រឡូកក្នុងឈុតធំជាមួយក្លឹប Fulham មុនចេញទៅ Celtic និងចុងក្រោយក្លឹប Lyon ក្នុងឆ្នាំ២០១៨។ ពីមុនក្រុមជើងឯក Premier League ៦សម័យកាល Chelsea បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner របស់ RB Leipzig ប៉ុន្តែត្រូវក្លឹបធំ Liverpool កំពុងប្រជែងយក ខណៈតម្លៃខ្លួនរបស់កីឡាកររូបនេះ អាចនឹងកើនឡើងខ្ពស់ ប៉ះពាល់ដល់កញ្ចប់ថវិកា មានចំនួនកំណត់របស់ Chelsea។

ដូច្នេះទើបងាកមកចាប់អារម្មណ៍ អតីតកីឡាករជម្រើសជាតិបារាំង U21 Dembele ជំនួសវិញ។បច្ចុប្បន្នក្រុមតោខៀវ Chelsea ស្ថិតនៅលេខ៤ក្នុងតារាងពិន្ទុ Premier League ប៉ុន្តែអ្នកចាត់ការទូទៅក្រុម Frank Lampard ជឿជាក់ណាស់ថា ក្រុមរបស់លោកខ្លាំងគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយ៕