បណ្តាញសង្គម

Zlatan សម្រេច​ចិត្ត​ចេញ​ពី AC Milan ព្រោះ​ហេតុ​ផល​នេះ

ចូលក្រុម AC Milan ជាថ្មីម្ដងទៀតមិនដល់បីខែផង Zlatan Ibrahimovic បានសម្រេចចិត្តហើយថានឹងចេញពីក្លឹបមួយនេះ ដោយគ្មានតម្លៃខ្លួននៅបំណាច់ខែមិថុនាខាងមុខ ហើយការចាកចេញនេះគឺដោយសារ រូបគេមិនសប្បាយចិត្ត ចំពោះការបណ្ដេញរបស់ក្លឹបលើ ប្រធានបាល់ទាត់លោក Zvonimir Boban ការពីពេលថ្មីៗ។

យោងតាម Sport Mediaset ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Ibrahimovic មិនអាចលេបវិញបានទេ ហើយនឹងធ្វើឱ្យនាយកប្រតិបត្តិ Milan លោក Ivan Gazidis មានការភ្ញាក់ផ្អើល។ អតីតកីឡាករបិសាចក្រហម Manchester United រកគ្រាប់បាល់បាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១០លើកចាប់តាំងពីចូលក្លឹប Milan កាលពីខែមករា ក្រោយចាកចេញពី LA Galaxy។

ប្រភពជិតស្និទ្ធនឹងកីឡាករស៊ុយអែត បានឱ្យដឹងថា ខ្សែប្រយុទ្ធសំបូរបទពិសោធន៍រូបនេះ មិនចាប់អារម្មណ៍នឹងគម្រោងរបស់ Milan ទៀតទេ ហើយការសម្រេចចិត្តនេះ រូបគេបានគិតទុកជាច្រើនថ្ងៃមកហើយដែរ។

ទោះបីជាយ៉ាងណាប្រភពមិនបានបញ្ជាក់ឡើយ Zlatan Ibrahimovic នឹងទៅលេងនៅក្លឹបណាបន្ត ប៉ុន្តែកីឡា Gennaro Gattuso របស់ Napoli ចង់នាំកីឡាករវ័យ ៣៨ឆ្នាំទៅលេងជាមួយ។គួរបញ្ជាក់ថា លោក Boban បាននាំយក Ibrahimovic មក AC Milan វិញ ជាកន្លែងដែលរូបគេធ្លាប់លេងនៅអំឡុងឆ្នាំ ២០១០ និង២០១២៕