បណ្តាញសង្គម

ស្ងាត់ៗ De Gea បរិច្ចាគ​​ជាង ២ សែន​ផោន​ឱ្យ​អេស្ប៉ាញ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូរ៉ូណា

អ្នកចាំទីដៃស្អិតរបស់ Manchester United, David De Gea បានក្លាយជាសប្បុរសជនចិត្តធម៌មួយរូបក្នុងពិភពបាល់ទាត់ ដូចជា Messi, Ronaldo និង Pep ដែរ ក្រោយរូបគេបរិច្ចាគប្រាក់ចំនួន ២៧០,០០០ ផោនដល់អាជ្ញាធរទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។

អតីតកីឡាករ Atletico Madrid វ័យ២៩ឆ្នាំ បានបរិច្ចាគស្ងាត់ៗមិនឱ្យនរណាដឹងឡើយ ប៉ុន្តែរឿងនេះត្រូវបានប្រធានសហគមន៍ទីក្រុង Madrid លោកស្រី Isabel Díaz Ayuso ប្រកាសជាសាធារណៈ។ ទឹកប្រាក់ចំនួន ២៧០,០០០ ផោន (ជាង៣០ម៉ឺនដុល្លារ) របស់អ្នកចាំទីអេស្ប៉ាញ De Gea នឹងត្រូវយកទៅចាយវាយលើសម្ភារៈវេជ្ជសាស្ត្រ និងជួយក្រុមគ្រួសារងាយរងគ្រោះ។

អេស្ប៉ាញជាប្រទេសមួយក្នុងចំណោមប្រទេសនៅអឺរ៉ុប ដែលរងគ្រោះអាក្រក់បំផុតដោយជំងឺ Covid-19។ អ្នកស្លាប់នៅអេស្ប៉ាញមានចំនួនជិត ៣,៥០០ នាក់ ច្រើនបន្ទាប់ពីអ៊ីតាលី ហើយឥឡូវនេះ អាមេរិកចាប់ផ្ដើមមានអ្នកឆ្លងច្រើនជាងគេវិញម្ដង។

គួរបញ្ជាក់ថាថ្មីៗនេះ ខ្សែប្រយុទ្ធរបស់ក្លឹប Juventus និងព័រទុយហ្គាល់ Ronaldo និងភ្នាក់ងាររបស់គេលោក Jorge Mendes បានបរិច្ចាគប្រាក់ ១ លានអឺរ៉ូដល់អង្គភាពថែទាំចំនួន៣កន្លែង សម្រាប់អ្នកជំងឺដែលទទួលរងពីជំងឺឆ្លងវីរុសនៅមន្ទីរពេទ្យ ក្នុងទីក្រុង Lisbon និង Porto។ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona បានបរិច្ចាគសរុប ១ លានអឺរ៉ូ (ជាង១លានដុល្លារ) ទៅកាន់មន្ទីរពេទ្យ២កន្លែង។

ក្នុងនោះមួយនៅទីក្រុង Barcelona និងមួយទៀតនៅឯប្រទេសកំណើតអាហ្សង់ទីន។ អ្នកចាត់ការរបស់ក្លឹប Mancester City លោក Pep Guardiola បានបរិច្ចាគប្រាក់ចំនួន១លានអឺរ៉ូ (ជាង១លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងរាតត្បាតនៅប្រទេសអេស្ប៉ាញ៕