បណ្តាញសង្គម

ONE Championship ​ប្រកាស​​ពន្យារ​ពេល​​ការ​ប្រកួត​បិទ​ទ្វារ​​ចំនួន​ពីរ​នា​ខែ​​មេសា​នេះ

ONE Championship បានប្រកាសសម្រេចពន្យារពេលចំពោះព្រឹត្តិការណ៍ប្រកួតបិទទ្វារ ឬ ការប្រកួតមិនមានទស្សនិកជនទស្សនាចំនួនពីរដែលគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នេះ។ ព័ត៌មានការពន្យារនេះត្រូវបានប្រកាសឡើងនៅលើទំព័រ Facebook ផ្លូវការរបស់ប្រធាននិង ជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong។

នេះជារឿងមួយដ៏ខកចិត្តដែល ONE Championship ត្រូវពន្យារពេលការប្រកួតដោយមិនមានទស្សនិកជននាខែមេសានេះដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19។ ក្នុងគោលដៅរឹតបន្តឹងកុំឲ្យរាលដាលមេរោគឆ្លង Covid-19 រដ្ឋាភិបាលសិង្ហបុរី បានប្រកាសនិងបញ្ជាបិទប្រទេសដែលចូលជាធរមានចាប់ថ្ងៃទី ៧ ខែ មេសា តទៅ។ ក្នុងគ្រានេះ មានតែផ្នែកបម្រើសេវាកម្មមួយចំនួននៅដំណើរការធម្មតាដូចជា ចំណីអាហារ ការថែទាំងសុខភាព និង ការធ្វើដំណើរ។

លើសពីនេះទៅទៀត ប្រទេសធំៗជាច្រើនដូចជា ចិន ថៃ សិង្ហបុរី អូស្ត្រាលី រុស្សី ឥណ្ឌា វៀតណាម និងជប៉ុនជាដើមនោះសុទ្ធតែបិទព្រំដែនរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីឲ្យស្ថានការណ៍ធូរស្រាល។ លោក Sityodtong បានរៀបរាប់នៅលើបណ្ដាញសង្គមបែបនេះ ៖«យើងកំពុងរស់នៅក្នុងស្ថានភាពមិនអំណោយផលមួយ។

ប៉ុន្តែដំណឹងនេះនឹងត្រលប់មកវិញបន្ទាប់ពីមេរោគកូរ៉ូណាត្រូវថមថយ។ ហើយត្រូវតែច្បាស់ក្នុងចិត្តថា វាត្រូវមានភាពចំបាច់ដើម្បីធ្វើការជាមួយគ្នាឲ្យស្អិតល្មួត។ ហើយយើងម្នាក់ៗត្រូវតែគោរពដល់ការសម្រេចចិត្រពីរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ត្រូវស្នាក់នៅដាច់ដោយឡែក និង ថែរក្សាអនាម័យឲ្យបានល្អជាប្រចាំ។

មេរោគមិនអាចបន្តរាលដាលតទៅទៀតបានទេបើសិនជាយើងស្នាក់នៅផ្ទះ។ វាជារឿងដ៏សាមញ្ញមួយ។ សូមចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងមេរោគ Covid-19 ក្នុងនាមយើងជាគ្រួសាររបស់ ONE ទាំងអស់គ្នា»។

ដោយសារតែមេរោគឆ្លង COVID-19 សិង្ហបុរីនឹងបិទប្រទេសនាសប្ដាហ៍នេះតម្រូវឲ្យ ONE Championship ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ពន្យារពេលកម្មវិធីចំនួនពីររួមមាន ONE: HOPE និង ONE: STRENGTH។

ព្រឹត្តិការណ៍ប្រកួតនេះត្រូវគេគ្រោងរៀបចំការប្រកួតនៅថ្ងៃសុក្រទី ១៧ មេសា និង ២៤ មេសា នៅប្រទេសសិង្ហបុរី។ ការផ្លាស់ប្ដូរពេលនៃព្រឹត្តិការណ៍ទាំងពីរនឹងត្រូវប្រកាសជាបន្ទាប់ទៀត។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕