បណ្តាញសង្គម

ធន់​ សុភា៖​ វណ្ណថង​ ប៉ះ​ មករា​ ជា​ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​ចង់​មើល​ខ្លាំង​

គ្រូប្រដាល់ក្រសួងការពារជាតិ ធន់ សុភា ថាការប៉ះគ្នាជាថ្មីនេះពិតជាកក្រើក និងធ្វើឲ្យអ្នកគាំទ្រប្រដាល់ចាប់អារម្មណ៍ខ្លាំងនៅបណ្ដាញសង្គមហ្វេសបុក ហើយកំពុងរង់ចាំថ្ងៃប្រកួតស្អែកនេះ។

លោក ធន់ សុភា បានឲ្យដឹងថា គ្រាន់តែមានផ្សព្វផ្សាយថា វណ្ណថង នឹងត្រូវប៉ះ មករា ជាថ្មីនេះគឺមានការចែកចាយបន្តជាច្រើនអំពីការប្រកួតមួយនេះ។ ដូច្នេះហើយការប្រកួតលើកទី២ ឬជាការប្រកួតសងសឹកនេះពិតជាធ្វើឲ្យមហាជន អ្នកស្រឡាញ់គុនខ្មែរចាប់អារម្មណ៍ខ្លាំងមែន។

គ្រូប្រដាល់ល្បីឈ្មោះរូបនេះបន្ថែមទៀតថា ត្បិតជាការប្រកួតមិត្តភាពមែន ប៉ុន្តែម្នាក់ៗមានការតាំងចិត្តខ្ពស់រៀងៗខ្លួន ម្នាក់ៗចង់ក៏ឈ្នះដូចគ្នា។ ការប្រកួតរវាងសិស្សរបស់លោក និង វណ្ណថង លើកនេះនឹងវ៉ៃឲ្យអស់ពីសមត្ថភាពឲ្យដឹងចាញ់ឈ្នះតែម្ដង មិនគិតថាមិត្តភាពចេះតែវ៉ៃៗទៅនោះទេ។

រំលឹកដែរថា កីឡាករ ឈិត សេរីវណ្ណថង នឹងត្រូវប្រកួតមិត្តភាពខ្មែរ និងខ្មែរជាមួយកីឡាករ ធន់ មករា នៅថ្ងៃស្អែកនេះលើសង្វៀន CNC ចាប់ពីម៉ោង ៨ព្រឹកតទៅ។ មករា ធ្លាប់ចាញ់ពិន្ទុ វណ្ណថង ១ដងនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ISI កន្លងទៅ៕