បណ្តាញសង្គម

ថ្នាក់​ដឹកនាំ​កំពូល​ផ្នែកកីឡា​នៅ​កម្ពុជា​ ២រូប​ សុទ្ធតែ​បរិច្ចាគ​ប្រាក់ខែ​ដើម្បី​ជួយ​ទប់ស្កាត់​ COVID-19

ថ្នាក់ដឹកនាំកំពូលផ្នែកកីឡានៅកម្ពុជា ២រូប ឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម ស សុខា បានបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន ៦ខែ ដូចគ្នាទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជំងឺឆ្លង COVID-19 ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺមួយនេះ។

បើតាមការបង្ហោះលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែមេសា ២០២០ កន្លងទៅនេះ បានបញ្ជាក់ថា ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងមួយនេះបានបរិច្ចាគប្រាក់ខែ១លានរៀលក្នុង១ខែរហូតដល់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជំងឺឆ្លង។

ចំណែកលើផេកអគ្គនាយកដ្ឋានកីឡាកាលពីថ្ងៃទី៨ ខែមេសា ២០២០ ក៏បានបង្ហោះដែរថា ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបរិច្ចាគប្រាក់ខែក្នុងតំណែងរបស់ឯកឧត្ដមចំនួន៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជំងឺឆ្លងដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងមួយនេះ។

បញ្ជាក់ដែរថា ឯកឧត្ដម វ៉ាត់ ចំរើន ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក នៃកម្ពុជា រីឯឯកឧត្ដម ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកផ្នែកកីឡានៅកម្ពុជា៕ ៕