បណ្តាញសង្គម

ប៊ូខាវវៀតណាម Nguyen Tran Duy Nhat ចង់ប៉ះ Rodtang

អ្នកប្រដាល់លំដាប់កំពូលរបស់វៀតណាម Nguyen Tran Duy Nhat បានបង្ហើបឲ្យដឹងថាខ្លួនចង់ប៉ះអ្នកប្រដាល់ថៃ Rodtang Jitmuangnon ដើម្បីដណ្ដើមយកខ្សែក្រវាត់ទម្ងន់ Flyweight (៦១,២គីឡូក្រាម) នៅ ONE Championship។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ ONEfc.com អ្នកប្រដាល់វ័យ ៣១ឆ្នាំ ដែលមានជំនាញទាត់ខ្ពស់រូបនេះ បាននិយាយថា៖ "ខ្ញុំបានវាយគូប្រកួតឲ្យសន្លប់ ២នាក់រួចមកហើយ នៅ ONE Championship។ ខ្ញុំដឹងថា ខ្ញុំកាន់តែកៀកការវ៉ៃយកខ្សែក្រវាត់ហើយ ដូច្នេះបើសួរខ្ញុំថាចង់ប៉ះកីឡាករណា ខ្ញុំនឹងឆ្លើយថា Rodtang Jitmuangnon ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion។

ខ្ញុំហ៊ានទាយថា អ្នកប្រដាល់គ្រប់រូបក្នុងប្រភេទទម្ងន់នេះ សុទ្ធតែចង់ប៉ះ Rodtang ដូចគ្នា"។ Nhat បានបន្ថែមថា៖ "ខ្ញុំអាចស្រមៃបានថា បើប៉ះគ្នាមែន ខ្ញុំ និង Rodtang នឹងវ៉ៃគ្នាយ៉ាងជក់ចិត្ត ដោយសារ Rodtang ជាអ្នកប្រដាល់ដែលមានដងខ្លួនរឹងដូចដែក មានដៃឆ្វេងមហាទម្ងន់ និងមានមុខតាន់ វាយមិនងាយសន្លប់។

គាត់នៅក្មេង ហើយមានកម្លាំងខ្លាំង និងមានបទពិសោធន៍វ៉ៃខ្សែក្រវាត់ពិភពលោក...។ ប៉ះអ្នកប្រដាល់ខ្លាំងបែបនេះ ខ្ញុំនឹងប្រើល្បឿន និងភាពវ័យឆ្លាតរបស់ខ្ញុំ ដើម្បីយកឈ្នះគាត់"។ គួរបញ្ជាក់ថា Nguyen Tran Duy Nhat ត្រូវបានផ្គូផ្គងឲ្យប៉ះអ្នកប្រដាល់គុនខ្មែរ សុខ ធី នៅក្នុងកម្មវិធីប្រកួតរបស់ ONE នៅវៀតណាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែកម្មវិធីប្រកួតនោះ ត្រូវបានលើកពេល ដោយសារបញ្ហាជំងឺកូវីដ១៩។ ការប្រកួតនេះ រំពឹងថានឹងលើកទៅធ្វើនៅខែមិថុនា ខាងមុខ៕