បណ្តាញសង្គម

កីឡាករ​ចិន​ម្នាក់ ត្រូវ​ក្លឹប​ដេញ​ចេញ ក្រោយ​បន្លំ​កែ​ផ្លាក​លេខ​ឡាន​

ខ្សែស្លាបជនជាតិចិនកីឡាករ Yu Hanchao ត្រូវបានក្លឹប Guangzhou Evergrande បណ្ដេញចេញ បន្ទាប់ពីត្រូវបានគេថតជាប់កែផ្លាកលេខឡានរបស់ខ្លួន។

កីឡាកររូបនេះបាន ឈូសផ្លាកលេខឡានពីអក្សរ E ទៅអក្សរ F ដើម្បីរួចការពិន័យដ៏តឹងរ៉ឹងរបស់ក្រុង Guangzhou។ យ៉ាងណាមិញ ក្រោយពីបែកធ្លាយវីដេអូមក Yu ត្រូវបានប៉ូលិសឃាត់ខ្លួន ១៥ថ្ងៃ រងពិន័យជាង ៧០០ដុល្លារ និងដក ១២ពិន្ទុពីប័ណ្ណបើកបរ។ ពេលនេះគេត្រូវបានដោះលែងហើយ។

តាមច្បាប់របស់ក្រុងនេះបានចែងថា រាល់រថយន្តក្រៅក្រុងទាំងអស់ អនុញ្ញាតឲ្យជិះបាន ៤ថ្ងៃជាប់គ្នា ហើយហាមឃាត់មិនឲ្យជិះរយៈពេល ៤ថ្ងៃទៀត។ បុគ្គលណាល្មើសច្បាប់នេះ អាចនឹងរងពិន័យ ៣២ដុល្លារ។ មានការលើកឡើងជាច្រើនបានឲ្យដឹងថា ច្បាប់ដ៏តឹងតែងនេះធ្វើឡើង ដើម្បីទប់ស្កាត់ឲ្យស្ទះចរាចរណ៍នៅក្នុងក្រុង។

រថយន្តរបស់ Yu Hanchao ធ្វើផ្លាកលេខនៅស្រុកកំណើតខ្លួន ដែលក្បែរព្រំដែនកូរ៉េខាងជើង៕ កីឡាកររូបនេះបានជួយក្លឹបចិនមួយនេះ ឈ្នះពានលីគកំពូលស្ទើរតែគ្រប់រដូវកាលលើកលែងតែឆ្នាំ២០១៩ទេ តាំងពីលេងនៅឆ្នាំ២០១៤មក។ លើសពីនេះ គេក៏ជួយឲ្យក្លឹបឈ្នះ Champions League អាស៊ីបានម្ដងកាលពីឆ្នាំ២០១៥៕