បណ្តាញសង្គម

Rooney ប្រាប់​រឿង​សម្ងាត់​ដែល Sir Alex លក់ Pique ទៅ​ Barca វិញ​កាល​ពី​ជាង​១០​ឆ្នាំ​មុន

Sir Alex Ferguson បានសម្រេចចិត្តលក់ Gerard Pique ដោយសារគេលេងមិនស៊ីចង្វាក់នៅក្របខ័ណ្ឌ Premier League ជាពិសេសបានសាងកំហុសពេលជួបក្រុម Bolton។ នេះបើតាមការបញ្ចេញពី Wayne Rooney។

ខ្សែការពារសញ្ជាតិអេស្ប៉ាញបានមក Manchester United ពីយុវជនរបស់ Barcelona កាលពីឆ្នាំ២០០៤ និងមានវ័យទើបតែ២០ប៉ុណ្ណោះពេលប៉ះ Bolton កាលពីខែ វិច្ឆិកា ឆ្នាំ ២០០៧។

Pique បានសាងកំហុសសម្រាប់ការប្រកួតដែលមានគ្រាប់បាល់តែ១គ្រាប់គត់គឺ Bolton យកឈ្នះ United បន្ទាប់ពីគេបិទ Nicolas Anelka មិនជាប់នាំឲ្យមានគ្រាប់។ ពេលបញ្ចប់រដូវកាល Ferguson បានសម្រេចចិត្តលក់ Pique ទៅកាន់ Barcelona វិញក្នុងតម្លៃ៥លានផោន ក្រោយបង្ហាញខ្លួនបាន២៥ប្រកួតឲ្យ United។

ការត្រលប់ទៅកាន់អេស្ប៉ាញ Pique បានក្លាយជាខ្សែការពារសំខាន់សម្រាប់ Barca ឈ្នះពាន Champions League ៣ដង ក្នុងនោះម្ដងឈ្នះលើបិសាចក្រហម។ និយាយប្រាប់សារព័ត៌មាន Rooney បង្ហើបថា ការប្រកួតជាមួយ Bolton គឺជាការបញ្ចប់អាជីពរបស់ Pique នៅ United។

កាលនោះគេនៅក្មេងហើយត្រូវរិះគន់ក្នុងការប្រកួតទៀតពីអ្នកគាំទ្រ។ កត្តាដែល Sir Alex សម្រេចលក់ដោយសារ Pique លេងមិនសូវស៊ីក្នុង Premier League៕


ដកស្រង់ពី៖ Sabay