បណ្តាញសង្គម

Omogba៖ ខ្ញុំមិនដែលចាត់ទុកក្រុមណាមួយជាសត្រូវឡើយ

ពេលទទួលបានសំណួរថាតើ ក្រុមមួយណានៅលីគកំពូលកម្ពុជា ដែលអ្នកចង់លេងប្រជែងខ្លាំងជាងគេបំផុត? ខ្សែបម្រើប្រយុទ្ធ Esoh Paul Omogba បានតបថា គ្មានក្លឹបណាមួយដែលត្រូវបានរូបគេ ចាត់ទុកជាសត្រូវឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺគេចង់លេងឱ្យអស់ពីលទ្ធភាព និងជួយក្រុមឈ្នះការប្រកួត។

Omogba បានបញ្ជាក់ថា ៖«ពិតណាស់សម្រាប់ខ្ញុំ បាល់ទាត់គឺជាការលេងកម្សាន្តលើទីលាន។ ខ្ញុំមិនដែលចាត់ទុកក្រុមណាមួយ ជាសត្រូវរបស់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែចង់លេងឱ្យអស់សមត្ថភាពឱ្យក្រុមខ្ញុំ ហើយឈ្នះការប្រកួត ដូច្នេះក្រុមណាក៏ដោយ លេងនៅលើទីលាន ខ្ញុំត្រូវប្រឹងឱ្យអស់ពីសមត្ថភាព»។

កីឡាករមានប្រពន្ធថៃសញ្ជាតិនីហ្សេរីយ៉ា Esoh Paul Omogba ជាខ្សែបម្រើបរទេសល្អមួយរូប ដែលមកប្រកបអាជីពនៅលីគកំពូលកម្ពុជា។ គេបានមកនៅទឹកដីកម្ពុជា ជាលើកដំបូងនៅឆ្នាំ២០១១ ឱ្យណាហ្គាវើលដ៍, ឆ្នាំ២០១២-២០១៤ ទៅលេងនៅលិគទី៣ថៃ ហើយមកលេងឱ្យបឹងកេតនៅឆ្នាំ២០១៥-២០១៧, ឆ្នាំ២០១៨ ទៅមីយ៉ាន់ម៉ា ពាក់កណ្ដាលឆ្នាំ២០១៨-២០១៩លេងនៅណាហ្គាវើលដ៍ ខណៈឆ្នាំ២០២០នេះ លេងឱ្យភ្នំពេញក្រោន។

ក្នុងការប្រកួតដណ្ដើមពានរង្វាន់ លីគកំពូលកម្ពុជាឆ្នាំ២០២០ រយៈពេល៥សប្ដាហ៍កន្លងទៅ គេមានបញ្ហារបួសសរសៃពួរ ខកខានការប្រកួតរវាងភ្នំពេញក្រោនឈ្នះ ១-០ លើអង្គរថាយហ្គឺរនៅកីឡដ្ឋាន Smart RSN ហើយបើតាមការបញ្ជាក់របស់សាមីខ្លួនមកកាន់ Sabay នាថ្ងៃនេះ គេបានជា៩០%ហើយ និងអាចលេងបានវិញ ពេលលីគចាប់ផ្ដើមជាថ្មី៕