បណ្តាញសង្គម

ប្រធាន​ក្លឹប Lyon ​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បារាំង ​បើក​លីគ​ឡើង​វិញ​

ប្រធានក្លឹប Lyon លោក Jean-Michel Aulas បានស្នើដល់ថ្នាក់ដឹកនាំប្រទេសបារាំង ដើម្បីពិចារណាបើកលីគបាល់ទាត់ឡើងវិញ ក្រោយពីមេរោគ Covid-19 បានស្ងប់ទៅហើយ។

នៅបារាំង បានប្រកាសរំសាយលីគលំដាប់ទី១និងទី២ចោលតែម្ដងនារដូវកាលនេះ កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២០កន្លងទៅ។ ការរំសាយធ្វើឡើង ក្រោមហេតុផលខ្លាចមានការឆ្លងមេរោគ Covid-19 ជាថ្មីម្ដងទៀត ប្រសិនបើបើកលីគឡើងវិញ ឬមេរោគ Covid-19 អូសបន្លាយយូរ។

តែបើយកអាល្លឺម៉ង់ជាគំរូវិញ ពួកគេពិតជាធ្វើបានល្អ រហូតដល់ការប្រកួត Bundesliga ដំណើរការបាន២សប្ដាហ៍មកហើយ ដោយមិនមានបញ្ហានោះទេ។ ស្របពេលលីគដទៃទៀតដូចជានៅអេស្ប៉ាញ អ៊ីតាលី និងអង់គ្លេសជាដើមនោះ ក៏កំពុងហ្វឹកហាត់ត្រៀមបើកការប្រកួតឡើងវិញដែរ។

មានតែបារាំងមួយប៉ុណ្ណោះក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុបដែលបានរំសាយចោល។ ដូច្នេះហើយ ទើបបានជាប្រធានក្លឹប Lyon ចង់ឱ្យថ្នាក់ដឹកនាំបារាំង គិតឡើងវិញ។ បើសិនជាអាចបើកលីគបារាំងឡើងវិញ នោះវាពិតជាល្អណាស់សម្រាប់ក្លឹបនានា៕