បណ្តាញសង្គម

La Liga បើក​លេង​វិញ ក្រុម​ធំៗ​ប៉ះ​គ្នា ដឹង​តែ​ល្អ​មើល!

ក្របខ័ណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប La Liga បានបញ្ជាក់ពីពេលវេលាត្រឡប់មកវិញពោលគឺថ្ងៃទី ១១ ខែមិថុនា ដើម្បីបញ្ចប់រដូវកាលឆ្នាំ ២០១៩-២០២០ បន្ទាប់ពីជាប់គាំងដោយសារមេរោគ Covid-19 តាំងពីថ្ងៃទី១២ ខែមីនា។

គូបើកឆាកបិទទ្វារដំបូងគេគឺ Sevilla ត្រូវប្រកួតជាមួយ Real Betis នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា វេលាម៉ោង១០យប់ ម៉ោងក្នុងស្រុកប្រទេសអេស្ប៉ាញ។ ចំណែកក្រុមខ្លាំង Barcelona នឹងធ្វើដំណើរទៅកាន់ទឹកដី Real Mallorc នៅថ្ងៃអាទិត្យទី ១៣ ខែមិថុនា។

ចំណែកគូជក់ចិត្តពីរគូទៀតគឺ ក្រុមអធិរាជស្ដេចស Real Madrid នឹងត្រូវលេងតទល់ជាមួយ Eibar និង Athletic Bilbao ប៉ះជាមួយ Atletico Madrid នៅថ្ងៃអាទិត្យទី ១៤ ខែមិថុនា ឆ្នាំ២០២០។

ថ្ងៃបន្តបន្ទាប់ទៀត Barcelona ប៉ះជាមួយ Leganes ថ្ងៃអង្គារ ទី១៦ ខែមិថុនា និង Real Madrid ប៉ះជាមួយ Valencia ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។ ក្រុមអាជ្ញាធរប្រទេសអេស្ប៉ាញសង្ឃឹមថា ក្នុងរយៈពេល៥សប្ដាហ៍ La Liga នឹងបញ្ចប់ការប្រកួតនៅសេសសល់ ១១ ប្រកួត ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។

ក្របខ័ណ្ឌ La Liga ប្រទេសអេស្ប៉ាញនឹងក្លាយជាលីគទី២ក្នុងលីគធំៗទាំង៥នៅអឺរ៉ុប ដែលប្រកាសបន្តបើកការប្រកួតឡើងវិញ ខណៈ Bundesliga ប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមនៅខែឧសភា រីឯ Premier League ប្រទេសអង់គ្លេស នឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ខាងមុខ៕