បណ្តាញសង្គម

ចាន់ សុភា ចាត់​ទុក គួច សុកុម្ភៈ ជា idol ព្រោះ​ហេតុ​ផល​​ទាំង​នេះ

បើតាមការឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយ Sabay គួច សុកុម្ភៈ ជាកីឡាករខ្មែរតែម្នាក់គត់ ដែលយុវជន ចាន់ សុភា ចាត់ទុកជា idol ព្រោះខ្សែបម្រើកណ្ដាលចាស់វស្សារូបនេះ លេងល្អនិងមានអត្តចរិតគួរឱ្យគោរពស្រលាញ់។

ខ្សែបម្រើការពារក្លឹបណាហ្គាវើលដ៍ ចាន់ សុភា សង្កត់ធ្ងន់ថា ៖«បើសម្រាប់ខ្ញុំ កីឡាករខ្មែរ ខ្ញុំចាត់ទុកគាត់ជា idol នៅក្នុងបេះដូងខ្ញុំតែម្ដង។ ទាំងការលេង ទាំងអត្តចរិតក្នុងលាននិងក្រៅទីលាន...និយាយទៅធ្វើឱ្យកីឡាករគូរប្រកួតផ្សេងៗ ឬក៏កីឡាករក្នុងក្រុម ឬក៏គ្រូបង្វឹកគោរពស្រលាញ់គាត់តែម្ដង...និយាយទៅកីឡាករគាត់ គួរឱ្យយកគំរូតាម»។

គួច សុកុម្ភៈ ជាអតីតកីឡាករជម្រើសខេត្តកំពង់ធំ មុនចេញមកប្រកបអាជីពនៅរាជធានីភ្នំពេញ ជាមួយក្លឹបខេមរាកីឡា មុនចេញទៅភ្នំពេញក្រោន និងចុងក្រោយមកចូលរួមក្រុមណាហ្គាវើលដ៍ នៅដើមឆ្នាំ២០១៥។ ប្រធានក្រុមជម្រើសជាតិកម្ពុជា ទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការលេង មានអត្តចរិតល្អ និងគោរពវិន័យបានខ្ជាប់ខ្ជួនស័ក្តិសមជាកីឡាករអាជីព។

ចំណែក ចាន់ សុភា ជាកីឡាករជាន់ក្រោយ ប៉ុន្តែរូបគេក៏បានធ្វើឱ្យក្លឹបណាហ្គាវើលដ៍ចាប់អារម្មណ៍ផងដែរ អំឡុងជាកីឡាកររបស់វេស្ទឺនភ្នំពេញ។គួរបញ្ជាក់ថា យុវជនដែលបានជាប់ជម្រើសជាតិកម្ពុជា លេងពានរង្វាន់ AFF U-18 Youth Championship ឆ្នាំ២០១៩ ធ្លាប់ជាកីឡាករបស់អង្គការផ្កាយសមុទ្រ អតីតកីឡាករយុវជន U17 បឹងកេត អតីតកីឡាករអគ្គិសនីកម្ពុជា និងអតីតកីឡាករវេស្ទឺនភ្នំពេញ មុនទៅណាហ្គាវើលដ៍ ក្នុងឆ្នាំ២០១៩។

ចាន់ សុភា បង្ហាញខ្លួនឱ្យណាហ្គាបាន៥ប្រកួត ពោលគឺពានសម្ដេច ហ៊ុន សែន ២ដងនិងលីគកំពូលកម្ពុជា ៣ដង ចំណែករដូវកាលឆ្នាំ២០១៩-២០២០នេះ គេមិនទាន់ត្រូវបានគ្រូបង្គោលលោក មាស ចាន់ណា ដាក់ឱ្យលេងនៅឡើយទេ៕