បណ្តាញសង្គម

Arsenal នឹង​ទុក Aubameyang រហូត​ដល់​ផុត​កុងត្រា ប្រសិន​ក្លឹប​ផ្សេង​ៗ​ឲ្យ​តម្លៃ​ទាប

ក្លឹប Arsenal គ្រោងរក្សាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រហូតទាល់តែអស់កុងត្រា ជាជាងលក់គេឲ្យទៅក្លឹបផ្សេងក្នុងតម្លៃទាប។

Aubameyang នឹងឈានចូលវ័យ៣១ឆ្នាំខែនេះ ហើយកុងត្រារបស់គេនឹងផុតនៅបញ្ចប់រដូវកាលក្រោយ ស្របពេលមិនទាន់មានការពិភាក្សាពង្រីកកិច្ចសន្យាជាមួយ Arsenal នៅឡើយទេ។ ក្លឹបកាំភ្លើងធំក៏មិនបង្ខំចិត្តលក់កីឡាករខ្លួននូវតម្លៃទាបដែរ សុខចិត្តទុកឲ្យផុតកុងត្រា ប្រសិនបើមិនបានតម្លៃខ្លួនលើពី២០លានផោន។

ប្រធានផ្នែកបាល់ទាត់របស់ក្លឹប Arsenla បានលើកឡើងថា គ្មានកីឡាករណានឹងអនុញ្ញាតរងចាំរហូតដល់អស់កុងត្រានោះទេ បន្ទាប់ពី Aaron Ramsey, Jack Wilshere និង Danny Welbeck ដែលចេញពីក្លឹបគ្មានតម្លៃខ្លួន។

ប៉ុន្តែច្បាប់នេះនឹងមិនធ្វើបានឡើយនៅរដូវក្ដីនេះ ដោយសារទីផ្សារដោះដូរកីឡាករបច្ចុប្បន្នកំពុងជួបបញ្ហាព្រោះតែវីរុសកូរ៉ូណា។ សម្រាប់អ្នកចាត់ការ Arteta ជឿជាក់ថា Aubameyang អាចបន្តជាតារារបស់លោកលើសពីឆ្នាំ២០២១ និងចង់អង្គុយពិភាក្សាគ្នាអំពីកិច្ចសន្យាថ្មី៕