បណ្តាញសង្គម

ទីបំផុត​អនាគត​របស់​លោក Setien នៅ Barca ត្រូវ​បាន​បញ្ជាក់​ពី​ប្រធាន​ក្លឹប

ប្រធានក្លឹបរបស់ Barcelona លោក Josep Bartomeu បាននិយាយថា អ្នកចាត់ការ Quique Setien នៅតែទទួលឱកាសដឹកនាំក្រុមរហូតដល់រដូវកាលក្រោយ ត្បិតក្រុមស្ថិតនៅលេខ២ក្ដី និងមិនសោកស្ដាយឡើយដែលបណ្ដេញលោក Ernesto Valverde កាលពីខែមករា។

លោក Valverde បានជួយ Barcelona ឲ្យឈរកំពូលតារាង មុនពេលលោកត្រូវបណ្ដេញចេញកាលពីខែមករា ជំនួសកន្លែងដោយលោក Setien។ ដំណើរប្រជែងពានរបស់ Barca កំពុងជួបបញ្ហា បន្ទាប់ពីលេងស្មើជាច្រើនប្រកួតទល់នឹង Sevilla, Celta Vigo និង Atletico Madrid ហើយបច្ចុប្បន្នចាញ់ Real Madrid ៤ពិន្ទុ។

ប៉ុន្តែជ័យជម្នះ ៤-១ លើ Villarreal កាលពីចុងសប្ដាហ៍ ប្រធានក្លឹបលោក Bartomeu បាននិយាយថា លោកគិតថាពួកគេកំពុងឈានទៅរកទិសដៅត្រឹមត្រូវហើយ។ “Setien ច្បាស់ជាបន្តទៅមុខទៀត។

នៅពេលនេះខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងរបៀបដេលក្រុមបានវិវត្ត ហើយក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយ ពួកយើងបានឃើញការរីកចម្រើនដែល Setien បានធ្វើ។ ខ្ញុំមិនសោកស្ដាយឡើយដែលបណ្ដេញ Valverde។ ពួកយើងត្រូវផ្ដល់កម្លាំងចិត្តដល់ក្រុម"។ សម្ដីលោក Josep Bartomeu៕