បណ្តាញសង្គម

អេលីត​ ចំរើន៖​ ប្រកួត​ជា​មួយ​ សេរីវណ្ណថង​ ពិបាក​ជាង​កាល​ប៉ះ​ ប៊ុន​ សុធា​ ទៅ​ទៀត​

ម្ចាស់ខ្សែក្រវាត់មាស អេលីត ចំរើន ថាសម្រាប់ការប្រកួតជាមួយជើងខ្លាំង ឈិត សេរីវណ្ណថង នេះគឺពិបាកជាងវ៉ៃជាមួយកីឡាករ ប៊ុន សុធា ពីពេលមុននោះទៀត។

អេលីត ចំរើន បានឲ្យដឹងក្រោយប៉ះ សេរីវណ្ណថង ថាខ្លួនមានពិបាកខ្លាំងចំពោះការប្រកួតមួយនេះទម្រាំអាចយកឈ្នះបានគឺមានការផ្លាស់ប្ដូរវិធីសាស្ត្រាថ្មីវ៉ៃតាមគ្រូផងដែរនៅទឹក ៤-៥ ទើបទទួលបានជ័យជម្នះបែបនេះ។

កូនសិស្សលោក ស៊ន អេលីត ខាងលើនេះបន្ថែមទៀតថា ដោយសារតែខ្លួន និង វណ្ណថង ចូលចិត្តស្ដាយថយវ៉ៃដូចគ្នា ហេតុនេះហើយអ្នកដែលចូលដេញវិញគឺត្រូវច្រើន។

មួយវិញទៀត វណ្ណថង ដឹងពីស្នៀតរបស់ខ្លួនល្អទាត់ឆ្វេង និងម៉ាត់ ដូច្នេះហើយនៅទឹក ២-៣ គឺដៃគូថយផុតៗជាហេតុធ្វើឲ្យពិបាកក្នុងការវ៉ៃតែម្ដង។ ម្ចាស់ខ្សែក្រវាត់មាសរូបនេះលើកឡើងទៀតថា សម្រាប់ការប្រកួតជាមួយ វណ្ណថង នេះគឺពិបាកជាងប៉ះ ប៊ុន សុធា នៅ PNN ទៅទៀត។

ប៊ុន សុធា គឺគេដើរចូលវ៉ៃ និងចាប់វ៉ៃជង្គង់ ដូច្នេះស្រួលវ៉ៃហើយអាចទាត់បានច្រើនទៀត ចំណែក វណ្ណថង មិនអញ្ចឹងទេ។ រំលឹកដែរថា អេលីត ចំរើន បានប្រកួតឈ្នះពិន្ទុ ឈិត សេរីវណ្ណថង កាលពីថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ កម្មវិធីដណ្ដើមប្រាក់លាននៅ CNC។

កីឡាកររូបនេះក៏ធ្លាប់ទម្លាក់ ប៊ុន សុធា ១ដងដែរនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស លើសង្វៀន PNN ប៉ុន្មានខែមុននេះ៕