បណ្តាញសង្គម

ជ័យ​លាភី​មេដា​យមាស កីឡា​ការិនីតេ​ក្វាន់ដូ ស៊ន សៀវម៉ី ទទួល​ប្រាក់​រង្វាន់ យ៉ាងហោចណាស់​ ៨០លាន​រៀល

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាននាំមេដាយមាស សម្រាប់កម្ពុជា ពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ដែលមានឈ្មោះថា Asian Games។ នេះជាមេដាយមាស លើកដំបូងរបស់កម្ពុជា បើគិតចាប់តាំងពី ការចូលរួមរបស់កម្ពុជា ចាប់តាំងពី ឆ្នាំ១៩៥៤មក។

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានសាងកំណត់ត្រា ដល់កម្ពុជាតាមរយៈ ការទទួលបាន មេដាយមាស ពីព្រឹត្តិការណ៍កីឡា អាស៊ីលើកទី១៧ នៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ នេះជាមេដាយមាស លើកដំបូងបំផុត បើគិតចាប់តាំងពី កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ ប្រចាំទ្វីបមួយនេះ កាលពីឆ្នាំ១៩៥៤ ហើយក៏ការចាប់ផ្តើមទទួល មេដាយ ឡើងវិញផងដែរ របស់កម្ពុជា បន្ទាប់ពីខកខាន អស់រយៈពេល ៤៤ឆ្នាំ។

ក្នុងការប្រកួតលើប្រភេទ ទម្ងន់៧៣គីឡូក្រាម នាថ្ងៃសុក្រ ទី៣ ខែតុលា នេះ សៀវម៉ី អាយុ១៩ឆ្នាំ បានយកឈ្នះ កីឡាការិនីអ៊ីរ៉ង់ Rouhani Fatemeh នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៧ ទល់នឹង៤ ។ នៅមុនដំណើរទៅកាន់ វគ្គផ្តាច់ព្រ័ត្រ សៀវម៉ី អាយុ១៩ឆ្នាំ បានប្រកួតឈ្នះ កីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ក្នុងលទ្ធផល ២៩ ទល់នឹង៧ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ និងបន្តឈ្នះ កីឡាការិនីហ្វីលីពីន Alora Kirstie Elaine ក្នុងលទ្ធផល ៦ ទល់នឹង៥ នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា នេះជាមេដាយទី៧ របស់កម្ពុជាពីព្រឹត្តិការណ៍កីឡា Asian Games បន្ទាប់ពីកម្ពុជា បានឈ្នះមេដាយសំរិទ្ធ១ នៅឆ្នាំ១៩៦២ ឈ្នះមេដាយប្រាក់២ និងសំរិទ្ធ៣ នៅឆ្នាំ១៩៧០ ។ ស៊ន សៀវមី គឺជាកីឡាការិនី តែម្នាក់គត់ ដែលឆ្លងផុតដំណាក់កាល ឈានទៅដល់ការ ដណ្តើមបានមេដាយ ខណៈអត្តពលិក បីរូបផ្សេងទៀត រួមមាន ស៊ន ដាវីន ដែលជាស្រីបង្កើតរបស់ សៀវមី កីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាករចំបាប់ ងួន មករា បានរងបរាជ័យ ដ៏គួរឲ្យខកចិត្ត នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។

មិនត្រឹមតែនាំមកនូវ មោទនភាព សម្រាប់កម្ពុជា ទាំងមូលនោះឡើយ ការឈ្នះមេដាយមាស នាំឲ្យកីឡាការិនី វ័យក្មេងរូបនេះ ទទួលបានប្រាក់រង្វាន់ ចំនួន៨០លានរៀល ដែលស្មើនឹង២ម៉ឺន ដុល្លារអាមេរិកពី រដ្ឋាភិបាលកម្ពុជា រួមទាំងប្រាក់រង្វាន់ ជាច្រើនទៀតពី ដៃគូឧបត្ថម្ភនានា៕