បណ្តាញសង្គម

Klopp ​ថា Liverpool ​មិន​ចាយ​លុយ តែ​រដូវ​កាល​នេះ​អាច​ការពារ​ជើង​ឯក​បាន​

ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ មិនទាន់ចាយប្រាក់ដើម្បីទិញដូរកីឡាករនៅឡើយទេ ក៏ព្រោះតែក្លឹបបានចំណាយប្រាក់ច្រើន២រដូវកាលជាប់គ្នាមកហើយ។

ត្បិតតែមិនចាយប្រាក់ទិញកីឡាករថ្មី ហើយក្លឹបដទៃទៀតដូច Chelsea និង Man City ចាយលុយច្រើនយ៉ាងណាក្ដី ក៏លោក Klopp មើលឃើញថាក្រុមហង្សក្រហមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារតំណែងជើងឯកបានដែរ។

លោក អះអាងថាសមាជិកក្រុមបច្ចុប្បន្នបានប្រមូលកម្លាំងបានល្អ ហើយការហ្វឹកហាត់ជុំគ្នាយូរនេះនឹងធ្វើឱ្យពួកគេយល់ចិត្តគ្នាខ្លាំងមួយកម្រិតទៀត។

ក្រុម Liverpool រដូវកាលនេះ មិនអាចចាយប្រាក់ច្រើនដូចក្លឹបដទៃបានឡើយ។ អ្នកចាត់ការអាល្លឺម៉ង់បាននិយាយថា៖ “យើងកំពុងរស់នៅពិភពលោកដែលមានរឿងជាច្រើនមិនអាចប្រាកដច្បាស់បាន។ សម្រាប់ក្លឹបខ្លះ វាហាក់ដូចជាមិនសំខាន់ឡើយ សម្រាប់ពួកគេថាអនាគតនឹងយ៉ាងមិច។

ពួកគេគ្រប់គ្រងដោយប្រទេស ដោយមនុស្សមានអំណាចនយោបាយ វាជាការពិត។ ក្លឹបរបស់យើងមិនមែនបែបនោះទេ”។រំលឹកថា Chelsea ដែលមានម្ចាស់ជាសេដ្ឋីនិងជាអ្នកនយោបាយម្នាក់នៅរុស្ស៊ី បានទិញកីឡាករជាច្រើន ដោយចំណាយជាង២០០លានផោនទៅហើយ។

ស្របពេល Man City វិញក៏មិនអន់ជាង Chelsea ដែរ ពួកគេទិញកីឡាករថ្មីចូលសុទ្ធតែតម្លៃខ្លួនខ្ពស់ ហើយចង់បាននរណាគឺបានអ្នកនោះតែម្ដង។ ដោយឡែក Liverpool វិញ រដូវកាលនេះទិញតែម្នាក់គត់គឺ Kostas Tsimkas ពីក្រុម Olympiacos តម្លៃជាង១១លានផោន៕