បណ្តាញសង្គម

Klopp ​ផ្ញើ​សារ​ខ្លី​ ន័យជ្រៅ ទៅ ​Man Utd រឿងប៉េណាល់ទី​២​ឆ្នាំ​ចុងក្រោយ

លោក Jurgen Klopp មិនអស់ចិត្តរឿងអាជ្ញាកណ្ដាលមិនព្រមផ្ដល់បាល់ប៉េណាល់ទីដល់ក្រុម Liverpool ចំនួន២ដងក្នុងការប្រកួតទល់ក្រុម Southampton កាលពីយប់មិញនេះ។

ជារឿងភ្ញាក់ផ្អើលមួយនៅយប់មិញនេះដែលក្រុមកំពូលតារាង Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Southampton ក្នុងលទ្ធផល ១-០ ។ ដោយក្នុងការប្រកួតនោះដែរ Southampton នាំមុខតាំងពីនាទីទី២ ហើយក្រុមហង្សក្រហមក៏ព្យាយាមវាយសម្រុកវិញដែរ រហូតមានឱកាសបានប៉េណាល់ទី២ដង តែអាជ្ញាកណ្ដាលមិនផ្ដល់ឱ្យ។

ចំពោះរឿងប៉េណាល់ទីនេះដែរ លោក Klopp បាននិយាយប្រៀបធៀបក្រុមខ្លួនទល់ក្រុម Manchester United ដូច្នេះថា៖ “Man Utd មានប៉េណាល់ទីច្រើនណាស់ក្នុង២ឆ្នាំមកនេះ ច្រើនជាងខ្ញុំដឹកនាំក្រុម៥ឆ្នាំកន្លងមកនេះទៅទៀត។

តែនេះវាមិនអីទេ... នៅយប់មិញ Mane មិនបានធ្វើដួលឡើយ បើប៉ះក្រុមដទៃទៀតវិញចំណុចនេះ ពួកគេនឹងបានប៉េណាល់ទីមិនខាន ខ្ញុំហ៊ាននិយាយបែបនេះ”។ រំលឹកថាបរាជ័យរបស់ក្រុម Liverpool នេះ បើសិនជា Man Utd អាចឈ្នះការប្រកួតទល់ Burnley បាន នោះពួកគេនឹងហក់ទៅឈរនៅកំពូលតារាង ហើយវាពិន្ទុលើស Liverpool ៣ពិន្ទុហើយ៕