បណ្តាញសង្គម

បេក្ខភាព​​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​សន្យា​ហៅ Benzema មក​វិញ ប្រសិន​បើ​ជាប់​ឆ្នោត

បេក្ខភាពប្រជែងធ្វើជាប្រធានសហព័ន្ធបាល់ទាត់របស់បារាំងម្នាក់បាននិយាយថា លោកនឹងទាមទារឲ្យមានការកោះហៅ Karim Benzema ឲ្យចូលជម្រើសជាតិវិញ ត្បិតរូបគេកំពុងជាប់រឿងអាស្រូវក៏ដោយ។

លោក Michel Moulin ស្ថិតក្នុងចំណោមបេក្ខភាពប្រជែងធ្វើជាប្រធានសហព័ន្ធបាល់ទាត់បារាំងដែលហៅកាត់ថា FFF។ Michel បានសន្យា ប្រសិនបើជាប់ឆ្នោត លោកនឹងព្យាយាមនាំ Benzema មកកាន់ជម្រើសជាតិបារាំងម្ដងទៀត។

ខ្សែប្រយុទ្ធរបស់ Real Madrid វ័យ៣៣ឆ្នាំខកខានបង្ហាញវត្តមានឲ្យបារាំងចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៥។ Benzema ជាប់រឿងអាស្រូវពាក់ព័ន្ធនឹងការផ្ញើវីដេអូរួមភេទ សម្លុតទារប្រាក់ពីមិត្តរួមជាតិ Mathieu Valbuena កាលពី៥ឆ្នាំមុន។

ចាប់តាំងពីរឿងនេះកើតឡើង ជម្រើសជាតិបានសម្រេចចិត្តឈប់កោះហៅ Benzama ឲ្យចូលលេង រហូតដល់ពេលនេះ។ យ៉ាងណាមិញ ពេលនេះមានដំណឹងពីលោក Michel Moulin សន្យានឹងទាមទារឲ្យលោក Didier Deschamps កោះហៅ Benzema មកវិញ។ ការនិយាយបែបនេះ ដោយលោកសំអាងថា Deschamps គឺធ្វើការក្រោមសហព័ន្ធ ដូច្នេះត្រូវតែស្ដាប់បញ្ជាពីថ្នាក់លើ៕