បណ្តាញសង្គម

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​លុត​ក្រុម​បាល់ទាត់​ប្រទេស​សិង្ហបុរី​ ៣-០​ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព

ស្វាយរៀង ៖ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅពហុកីឡដ្ឋាន ខេត្តស្វាយរៀង មានរៀបចំ ការប្រកួតបាល់ទាត់ មិត្តភាពលក្ខណអន្តរជាតិ រវាងក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាបាល់ទាត់ ប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា ពហុកីឡដ្ឋាន ខេត្តស្វាយរៀង  កសាងឡើងវិញដោយ លោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការកសាងឡើងវិញនេះ ចាប់ផ្ដើមកាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ ហើយរួចរាល់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ដោយមានវេទិកា មានកៅអីសម្រាប់ ទស្សនិកជនអង្គុយ ទស្សនាចំនួន ១៥០០នាក់។

ទីលានបាល់ទាត់ មានដាំស្មៅស្អាត មានបរិស្ថានល្អ មានភ្លើងហ្វាបំភ្លឺ អាចធ្វើប្រកួត ពេលយប់ក៏បាន ហើយពហុកីឡដ្ឋាន ខេត្តស្វាយរៀង ធ្លាប់ធ្វើការប្រកួត លក្ខណៈអន្តរជាតិ មិត្តភាពលើកទី ២ ហើយរហូតមកដល់ ពេលនេះ។ ការប្រកួតនេះ ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា មានឯកសណ្ឋាន ពណ៌ខៀវ ចំណែក ក្រុមកីឡាបាល់ទាត់ ប្រទេសសិង្ហបុរី មានឯកសណ្ឋានពណ៌ក្រហម ។អ្នកចូលរួមទស្សនា ការប្រកួតនោះ មានលោក ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងទស្សនិកជន យ៉ាងច្រើនកុះករ។

ឆ្លងកាត់ការប្រកួត យ៉ាងស្វិតស្វាញ ប្រកបដោយលក្ខណៈបច្ចេកទេស រវាងក្រុមទាំងពីរ តង់ទី១ នៅនាទី៧ ក្រុមកីឡាបាល់ទាត់ ខាងកម្ពុជាទាត់ចូល  ១គ្រាប់ ដោយកីឡាករ ពាក់លេខ៧ ឈ្មោះ ប្រាក់ មុន្នីឧត្តម នៅនាទី២២ ស៊ី១គ្រាប់ទៀត ទាត់ចូលដោយ កីឡាករពាក់លេខ ១១ ឈ្មោះ ឃួនឡា បូរ៉ាវី នៅនាទី ៣៨ ស៊ី១គ្រាប់ទៀត ទាត់ចូលដោយ កីឡាករប្រាក់ មុន្នីឧត្តម។

ជាលទ្ធផលតង់ទី១ កម្ពុជាឈ្នះសិង្ហបុរី ៣-០ ។ នៅតង់ទី២ក្រុមកីឡាករ ទាំងសងខាង ខិតខំរកអស់បច្ចេកទេស រហូតប្ដូរកីឡាករ ម្ខាង៦នាក់ ក៏ពុំមានបានទទួល លទ្ធផលដែរ។ ដូច្នេះ ចប់ការប្រកួត ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា យកឈ្នះ ក្រុមកីឡាបាល់ទាត់ ប្រទេសសិង្ហបុរី៣-០ ៕


 

ដកស្រង់ពី៖ កម្ពុជាថ្មី